បរទេស៖ ប្រទេសហ្វីលីពីនកាលពីថ្ងៃពុធបានចេញសេចក្តីណែនាំអំពីការជម្លៀសសម្រាប់តំបន់ឆ្នេរលូហ្សូន ភាគខាងជើង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់របស់ប្រទេសចិន ដោយបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានព្រមានថា តំបន់ឆ្នេរខាងមុខមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងជួបប្រទះនឹងរលកយក្សស៊ូណាមិ «កម្រិតខ្ពស់» នៅចន្លោះម៉ោង ៨:៣៣នាទីព្រឹក ដល់ម៉ោង ១០:៣៣នាទីព្រឹក (ម៉ោងនៅក្នុងស្រុក)។
វិទ្យាស្ថានបានព្រមានថា «រលកទាំងនេះអាចបន្តអស់រយៈពេលជាច្រើនម៉ោង» ដោយវិទ្យាស្ថានបន្ថែមថា មនុស្សនៅតំបន់ឆ្នេរនៃខេត្តបាតាណេស ខេត្តកាហ្គាយ៉ាន់ ខេត្តអ៊ីឡូកូស ណតតេ និងខេត្តអ៊ីសាបែឡា «ត្រូវបានណែនាំឱ្យជម្លៀសចេញភ្លាមៗទៅកាន់តំបន់ខ្ពង់រាប ឬទីឆ្ងាយលើដីគោក»។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.៣រិចទ័រ បានវាយលុកតំបន់សមុទ្រក្បែរទីក្រុងហួលេន នៃកោះតៃវ៉ាន់ នៅវេលាម៉ោង ៧:៥៨នាទីព្រឹកកាលពីថ្ងៃពុធ (ម៉ោងនៅទីក្រុងប៉េកាំង) ៕
ប្រភព៖ AKP