បរទេស៖ អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា ចិនដីគោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរញ្ជួយដីកម្រិត ៧.៣រិចទ័រនៅក្នុងតំបន់កោះតៃវ៉ាន់ និងការវិវត្តនៃគ្រោះមហន្តរាយ ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ។
លោក ហ្សូ ហ្វេងលាន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បាននិយាយថា ចិនដីគោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ និងបង្ហាញការអាណិតអាសូរដោយស្មោះ ចំពោះជនរួមជាតិតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៣រិចទ័របានវាយប្រហារតំបន់សមុទ្រក្បែរទីក្រុងហួលេន នៃកោះតៃវ៉ាន់ នៅម៉ោង ៧:៥៨នាទីព្រឹកកាលពីថ្ងៃពុធ (ម៉ោងនៅទីក្រុងប៉េកាំង) បន្ទាប់មកមានការរញ្ជួយដីជាច្រើនលើក៕
ប្រភព៖ AKP