​ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីនដឹកនាំដោយលោក មូស្ទាហ្វា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកតំបូង

0

បរទេស៖ រដ្ឋាភិបាលប៉ាឡេស្ទីនដែលទើបបង្កើតថ្មី ដឹកនាំដោយ លោក ម៉ូហាមមេដ មូស្ទាហ្វា (Mohammad Mustafa) បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួននៅការិយាល័យនាយករដ្ឋមន្ត្រីនៅទីនេះ នៅកណ្តាលតំបន់វេស ប៊ែង។

ក្នុងជំនួបនោះ លោក មូស្ទាហ្វា បាននិយាយថា អាទិភាពបច្ចុប្បន្នរបស់រដ្ឋាភិបាលលោករួមមាន «ការសម្រាលទុក្ខលំបាករបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ការសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុ និងការអនុវត្តកម្មវិធីដើម្បីធ្វើកំណែទម្រង់ និងអភិវឌ្ឍការអនុវត្តរបស់ស្ថាប័ន»។

លោក មូស្ទាហ្វា បានបន្ថែមថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យអនុញ្ញាតឱ្យមានការចូលភ្លាមៗ នូវជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីសម្រេចបាននូវបទឈប់បាញ់ និងចាប់ផ្តើមការកសាងឡើងវិញ។

លោកបាននិយាយថា​ «ក្នុងការទទួលស្គាល់ពីសារៈសំខាន់នេះ ការបង្កើតរដ្ឋមន្ត្រីរួមមានរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គ្រោះ ដែលនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងគោលបំណងរៀបចំប្រតិបត្តិការ និងការសង្គ្រោះបន្ទាន់ជាមួយស្ថាប័នជាតិ ថ្នាក់តំបន់ និងអន្តរជាតិ និងបង្កើតសម្ព័ន្ធធំបំផុតនៃស្ថាប័នអន្តរជាតិ និងស្ថាប័នគាំទ្រ»។

រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣រូបរួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្ទ្រីប ហើយនាយករដ្ឋមន្ត្រីលោក មូស្ទាហ្វា ក៏បម្រើការជារដ្ឋមន្ត្រីការបរទេសផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការវ៉ាហ្វាបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) បានប្រគល់ភារកិច្ចឱ្យលោក មូស្ទាហ្វា ដែលជាប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន និងជាទីប្រឹក្សាសេដ្ឋកិច្ចយូរអង្វែងរបស់លោក អាប់បាស់ ដើម្បីបង្កើតរដ្ឋាភិបាលទី១៩៕

ប្រភព៖ AKP