វៀតណាមទទួលបានការបង់ប្រាក់ ៥១.៥លានដុល្លារ ពីធនាគារពិភពលោកសម្រាប់ឥណទានកាបូន

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា ប្រទេសវៀតណាមបានទទួលការបង់ប្រាក់ចំនួន ៥១.៥លានដុល្លារអាម៉េរិកពីធនាគារពិភពលោក សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នដែលជាទូទៅហៅថាឥណទានកាបូន សម្រាប់ការកាត់បន្ថយ ១០.៣លានតោននៃឧស្ម័នកាបូនឌីអុកស៊ីតក្នុងឆ្នាំ២០១៨-២០២៤។

លោក ត្រាន ក្វាងបៅ (Tran Quang Bao) ប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើរបស់ក្រសួងបាននិយាយថា ៨០% នៃផលបូកត្រូវបានចែកចាយទៅកាន់ខេត្តភាគខាងជើងចំនួន ៦ខេត្ត ហើយនៅសល់ ២០% ទៀតនឹងត្រូវចែកចាយទៅកាន់មូលដ្ឋានក្នុងរយៈពេល ១ខែទៅ ២ខែខាងមុខ។ មូលដ្ឋាននឹងបែងចែកប្រាក់ដល់ប្រជាជន និងសហគមន៍ដែលបានចុះកិច្ចសន្យាសម្រាប់គម្រោងការពារព្រៃឈើ។

យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសវៀតណាមមានផ្ទៃដីព្រៃឈើចំនួន ១៤.៧៩លានហិកតា ជាមួយនឹងអត្រាគ្របដណ្តប់លើផ្ទៃដី ៤២%។ តម្លៃផលិតកម្មព្រៃឈើកើនឡើងដោយស្ថិរភាពក្នុងអត្រា ៤.៦%​ ជាមួយនឹងប្រាក់ចំណូលពីសេវាកម្មការពារបរិស្ថានជិត ១១ទ្រីលានដុងវៀតណាម (ប្រហែល ៤៤០លានដុល្លារអាម៉េរិក) ។

កាលពីឆ្នាំមុន ប្រទេសវៀតណាមជាលើកដំបូងបានលក់ឥណទានកាបូនជាង ១០លាន ទទួលបានជាង ៥០លានដុល្លារអាម៉េរិក ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសចំនួន ៦០ប្រទេសទូទាំងពិភពលោកដែលមានសមត្ថភាពខ្ពស់បំផុតសម្រាប់ពាណិជ្ជកម្មកាបូន៕

ប្រភព៖ AKP