កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រារព្ធខួបលើកទី៨

0

បរទេស៖ ពិធីរំលឹកខួបលើកទី៨ នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីដែលបានធ្វើឡើងនៅទីក្រុងណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា។

ពិធីនេះមានការចូលរួមពីមន្ត្រីការទូតមកពីប្រទេសឡាវ ថៃ កម្ពុជា ចិន និងវៀតណាមក្នុងប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងភ្ញៀវប្រមាណជិត ២០០នាក់ផ្សេងទៀត។

នៅក្នុងសុន្ទរកថារបស់លោក U Than Swe ដែលទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋបាលយោធាមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ MLC ក្នុងការធានាបាននូវសមភាពក្នុងចំណោមប្រទេសជាសមាជិក។

លោកក៏បានលើកឡើងផងដែរអំពីមូលនិធិ MLC ពិសេសដែលផ្តល់ការគាំទ្រសម្រាប់បណ្តាប្រទេសទន្លេមេគង្គ ដោយលោកបានបញ្ជាក់ថា ក្នុងនាមជាសហប្រធាននៃ MLC ប្រទេសមីយ៉ាន់ម៉ានឹងបន្តធ្វើការងារជាមួយរដ្ឋជាសមាជិកផ្សេងទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនាពេលអនាគត។

ទន្ទឹមនឹងនោះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ចេន ហៃ (Chen Hai) បាននិយាយថា ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍនៃប្រទេសសមាជិកត្រូវបានពង្រឹងចាប់តាំងពី MLC ត្រូវបានបង្កើតឡើងកាលពី ៨ឆ្នាំមុន។

យន្តការ MLC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយប្រមូលផ្តុំប្រទេសនៅតាមដងទន្លេមេគង្គទាំងប្រាំមួយ ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ វាមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បង្រួមគម្លាតអភិវឌ្ឍន៍ ពន្លឿនសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ពួកគេ និងពង្រឹងមិត្តភាព និងភាពជាអ្នកជិតខាងរវាងប្រជាជននៃប្រទេសទាំងអស់៕

ប្រភព៖ AKP