បរទេស៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក ឆៃ វ៉ាត់ឆារ៉ុនកេ (Chai Watcharonke) បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៤ បានឈានដល់ចំនួន ២,៥លានតោន ដែលមាន ៥០០.០០០តោនខ្ពស់ជាងចំនួនដែលបានកត់ត្រានៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣។
លោកមានទំនុកចិត្តថា គោលដៅនាំចេញអង្ករឆ្នាំនេះឱ្យបានចំនួន ៧,៥លានតោននឹងអាចសម្រេចបានដោយមានលទ្ធភាពនាំចេញបានដល់ទៅ ៨លានតោន។
លោក ឆៃ បានបញ្ជាក់ថា កត្តាទាំងខាងក្នុង និងខាងក្រៅ បានរួមចំណែកដល់ទិន្នផលកសិកម្មវិជ្ជមាន។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពដោយរដ្ឋាភិបាល រួមជាមួយនឹងការរក្សាបាននូវគុណលក្ខណៈរឹងមាំនៃអង្ករថៃ ការនាំចេញទាន់ពេលវេលា និងគុណភាព បានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកទិញទាំងអស់។ ការកើនឡើងនៃទំនុកចិត្តនេះបានធ្វើឱ្យការទិញអង្ករថៃមានការកើនឡើងនៅក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានជំរុញឱ្យមានកិច្ចចរចាជាមួយអ្នកទិញដើម្បីកសាងទំនុកចិត្ត។ លោកបានបញ្ជាក់អំពីសារៈសំខាន់នៃការត្រួតពិនិត្យ និងតាមដានយ៉ាងហ្មត់ចត់ពីភ្នាក់ងាររដ្ឋាភិបាលដើម្បីពន្លឿនការងារ ដែលបានផ្តល់លទ្ធផលវិជ្ជមានយ៉ាងច្បាស់ដូចដែលបង្ហាញក្នុងតួលេខនាំចេញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ជាងនេះទៅទៀត តម្លៃទំនិញថៃមួយចំនួនបានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។
លោក ឆៃ បាននិយាយដើម្បីធានាដល់កសិករថា រដ្ឋាភិបាលនឹងបន្តរក្សានូវស្តង់ដារការងារបែបនេះដើម្បីជាប្រយោជន៍ដល់កសិករ និងសាធារណជនទូទៅ៕
ប្រភព៖ AKP