ផ្ទុះករណីឆ្លង​ជំងឺ​កូវីដ-១៩ នៅក្នុង​ពន្ធនាគារ​ថៃ

0

មន្ត្រីសុខភាពសាធារណៈរបស់ប្រទេសថៃ កំពុងរៀបចំបើកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) ដើម្បីគ្រប់គ្រងស្ថានការណ៍ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តប្រាជួបគិរីខាន់ ដែលនៅទីនោះមានករណីឆ្លងជាច្រើនត្រូវបានបញ្ជាក់។

លោកវេជ្ជបណ្ឌិត អូប៉ាស់ កានកាវីនពង្ស (Opas Karnkawinpong) លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈបាននិយាយថា អាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលបន្ទាប់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩ករណីនៅក្នុងពន្ធនាគារ។

លោក​បាននិយាយ​បន្ត​ថា ករណី​ឆ្លងដំបូង​ត្រូវ​បាន​រក​ឃើញកាលពី​ថ្ងៃ​ទី២៧ ខែ​មីនា នៅ​ពេល​អ្នក​ទោស​ស្រី​អាយុ ៣៥ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យប្រាជួបគិរីខាន់ ដោយ​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ផ្ដាសាយ ហើយ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​កូវីដ-១៩។

លោក​បាន​និយាយបន្ថែម​ថា ទន្ទឹម​នឹង​នេះដែរ អ្នក​ទោស​ប្រុសម្នាក់​ក៏​បាន​ធ្វើ​តេស្ត​វិជ្ជមានជំងឺកូវីដ-១៩ ​ក្នុង​ពេល​ពិនិត្យសុខភាពសម្រាប់​ការ​ផ្ទេរ​ពន្ធនាគារដែរ។

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមីនា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦៣០ករណី និងការស្លាប់ចំនួន ៥ករណីត្រូវបានរកឃើញនៅក្នុងប្រទេសថៃ។ នេះបើយោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺបានចេញផ្សាយ៕

ប្រភព៖ AKP