ទីក្រុងហ្សាកាតានឹងនៅតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ច បន្ទាប់ពីឥណ្ឌូណេស៊ីផ្លាស់ប្តូររដ្ឋធានី

0

បរទេស៖ សភាឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានកំណត់ឋានៈពិសេសមួយសម្រាប់ទីក្រុងហ្សាកាតា ដោយរក្សាទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងផ្លាស់ប្តូររដ្ឋធានីទៅកាន់កោះបូណេអូ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌូណេស៊ី លោក ទីតូ កាណាវៀន (Tito Karnavian) បាននិយាយបន្ទាប់ពីកិច្ចពិភាក្សានៅក្នុងសភាថា ទីក្រុងហ្សាកាតាគួរតែនៅតែត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីប្រកួតប្រជែងជាមួយនឹង «ទីក្រុងលំដាប់ពិភពលោក» ផ្សេងទៀត នៅពេលដែលរដ្ឋាភិបាលត្រូវបានផ្លាស់ប្តូរទៅកាន់រដ្ឋធានីនូសាន់តារ៉ា។

បើយោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា វានៅតែត្រូវផ្សាភ្ជាប់ជាមួយនឹងឋានៈពិសេស ដើម្បីអាចពន្លឿនកំណើនសេដ្ឋកិច្ច និងបង្កើនការរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនឱ្យជៀសឆ្ងាយពីការកកស្ទះ និងការលិចទីក្រុងហ្សាកាតា ទៅកាន់ទីក្រុងនូសាន់តារ៉ាដែលជាទីក្រុងមានតម្លៃ ៣២ប៊ីលានដុល្លារអាម៉េរិក ដែលកំពុងសាងសង់នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត នៅលើកោះបូណេអូ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ីត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀបចំ​ពិធី​មួយ​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ប្រទេស​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា នៅ​ទីក្រុងនូសាន់តារ៉ា ហើយ​មន្ត្រី​រាជការ​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្លាស់​ទៅ​ទីនោះ​នៅត្រឹម​ចុង​ឆ្នាំ​នេះ៕

ប្រភព៖​ AKP