បរទេស៖ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានព្រមព្រៀងជាមួយប្រទេសថៃ ដើម្បីចាប់ផ្តើមកិច្ចចរចាទៅលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ខណៈដែលប្រទេសនៅតំបន់អាស៊ីខាងជើងមួយនេះមានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីសម្រាប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លោក រ៉ូហ៍ គិនគី (Roh Keon-ki) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) នៅទីក្រុងបាងកក ដើម្បីបង្កើត «ទំនាក់ទំនងតម្រង់ទិសអនាគត» ជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច (EPA)។
ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមកិច្ចពិភាក្សាក្នុងគោលបំណងសម្រេចបាននូវកម្រិតនៃការបើកទូលាយទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម បន្ថែមពីលើវិស័យមួយចំនួនទៀត ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វឌ្ឍនភាពឌីជីថល និងលទ្ធកម្មរបស់រដ្ឋាភិបាល។ ពួកគេបានព្រមព្រៀងគ្នារៀបចំកិច្ចចរចានៅឆមាសទីមួយនៃឆ្នាំនេះ ហើយចាប់ផ្តើមកិច្ចចរចាជុំទីមួយក្នុងពេលឆាប់ៗ។
កិច្ចព្រមព្រៀង EPA ត្រូវបានរំពឹងថានឹងជួយប្រទេសកូរ៉េខាងត្បូងក្នុងការពង្រីកការនាំចេញរបស់ខ្លួន ខណៈដែលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជីវបច្ចេកវិទ្យា និងសេដ្ឋកិច្ចបៃតង៕
ប្រភព៖ AKP