បរទេស៖ នៅពេលដែលលោកបានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាទុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S. Jaishankar) កាលពីពេលថ្មីៗនេះ បានបង្ហាញពីចេតនារបស់ប្រទេសឥណ្ឌាក្នុងការពង្រឹងទំនាក់ទំនងរវាងឥណ្ឌា-អាស៊ាន ជាពិសេសក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
លោក ចៃស្សាន់ការ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសម៉ាឡេស៊ី ក៏បានរំលឹកឡើងវិញនូវការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់លោក អាន់វ៉ា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តី (PMO) បានឱ្យដឹងថា នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា និងអ្នកការទូតឥណ្ឌា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ កសិកម្ម ទេសចរណ៍ ការពារជាតិ និងឌីជីថល ព្រមទាំងបញ្ហាក្នុងតំបន់ ដែលរួមមានទាំងបញ្ហាមីយ៉ាន់ម៉ាផងដែរ។
យោងតាមការិយាល័យ PMO បានឱ្យដឹងថា លោក អាន់វ៉ា បានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលបង្កើតសាខាវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT) នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកក៏បានកោតសរសើរផងដែរចំពោះលោក ម៉ូឌី ដែលបានជួយប្រទេសនេះនៅពេលដែលប្រទេសម៉ាឡេស៊ីជួបប្រទះនឹងការខ្វះខាតស្រូវ ហើយសង្ឃឹមថានឹងមានការសម្របសម្រួលបន្ថែមទៀតសម្រាប់ការនាំចូលកសិផលពីប្រទេសឥណ្ឌា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទន្ទឹងរង់ចាំទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបោះឆ្នោតជាសកលរបស់ប្រទេសឥណ្ឌារួចរាល់។
ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១២ របស់ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន ជាមួយនឹងទំហំពាណិជ្ជកម្មសរុបឈានដល់តម្លៃ ១៦,៥៣ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ AKP