បរទេស៖ ប្រភពការទូតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសកំពុងពិនិត្យមើលការរំលោភអំណាច របស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសចិន លោក ចុង ជេហូ (Chung Jae-ho) ប្រឆាំងនឹងបុគ្គលិកម្នាក់។
ពួកគេបាននិយាយថា ករណីនេះត្រូវបានរាយការណ៍ទៅក្រសួងការបរទេសកាលពីដើមខែនេះ ដោយមានមន្ត្រីម្នាក់បានបញ្ជូនទៅស្ថានទូតចេញពីក្រសួងមួយផ្សេងទៀត។
លោក ចុង ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀនដោយពាក្យសំដី និងប្រព្រឹត្តចំពោះ មន្ត្រីស្ថានទូតក្នុងលក្ខណៈក្រអឺតក្រទម និងផ្តាច់ការ ជាការអនុវត្តដែលគេហៅថាហ្គេបជីល «gapjil» ជាភាសាកូរ៉េ។
មន្ត្រីក្រសួងការបរទេសម្នាក់បានបញ្ជាក់ក្នុងករណីនេះដោយនិយាយថា លោកកំពុងតែ ពិនិត្យមើលការពិត បន្ទាប់ពីទទួលបានរបាយការណ៍នោះ។
លោកបាននិយាយថា «ក្រសួងការបរទេសនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង នៅក្នុងករណីនៃការប្រព្រឹត្តខុស រួមទាំងការរំលោភបំពានអំណាចដោយបុគ្គលិករបស់ខ្លួន ដែលផ្អែកលើការស៊ើបអង្កេតដោយយុត្តិធម៌»។
អ្នកនាំពាក្យក្រសួងការបរទេស លោក លីម ស៊ូស៊ុក (Lim Soo-suk) ក៏បានប្រាប់សន្និសីទសារព័ត៌មានថា ក្រសួងនឹងស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់។
លោក ចុង ដែលជាអតីតសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាតិសេអ៊ូល ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំងក្នុងខែមិថុនា ឆ្នាំ២០២២ ជាបេសកជនទីមួយប្រចាំប្រទេសចិន ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ៕
ប្រភព៖ AKP