​ប្រមុខ​ចារកម្ម​បរទេស​របស់​រុស្ស៊ី​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានចារកម្មបរទេសរបស់រុស្ស៊ីបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងសកម្មភាពចារកម្ម និងផែនការដោយកងកម្លាំងអរិភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក ស៊ែរហ្គេយ អ៊ី ណារីស្គីន (Sergei E. Naryshkin) នាយកការិយាល័យស៊ើបការណ៍សម្ងាត់ខាងក្រៅបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង។

លោក ណារីស្គីន បានជួបជាមួយ លោក រី ចាងដេ (Ri Chang-dae) រដ្ឋមន្ត្រីសន្តិសុខរដ្ឋរបស់កូរ៉េខាងជើង ហើយកិច្ចពិភាក្សាអំពីកម្រិតការងារត្រូវបានធ្វើឡើងរវាងមន្ត្រីកូរ៉េខាងជើង និងរុស្ស៊ីផងដែរ។

ទីភ្នាក់ងារ KCNA បាននិយាយថា «នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពន្យល់គ្នាទៅវិញទៅមកអំពីទស្សនៈស្តីពីស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទាក់ទងនឹងឧបទ្វីបកូរ៉េ និងប្រទេសរុស្ស៊ី ហើយបានពិភាក្សាយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីបញ្ហាជាក់ស្តែង សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទប់ទល់នឹងចលនាចារកម្ម និងផែនការដែលកំពុងកើនឡើងដោយកងកម្លាំងអរិភាព»។

របាយការណ៍នេះមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនៃកិច្ចពិភាក្សានោះទេ ប៉ុន្តែគេសន្មត់ថា បានផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ស្តីពីសង្គ្រាមរបស់ប្រទេសរុស្ស៊ីជាមួយអ៊ុយក្រែន  និងឧបទ្វីបកូរ៉េ។

ដំណើរទស្សនកិច្ចរបស់ប្រមុខចារកម្មរបស់ប្រទេសមួយ ជាធម្មតាមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ប៉ុន្តែការលាតត្រដាងដ៏កម្ររបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ហាក់ដូចជាមានគោលបំណងបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។

បន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីខែកញ្ញាឆ្នាំមុន ប្រទេសទាំងពីរបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ចំពេលមានការសង្ស័យថា ទីក្រុងព្យុងយ៉ាងបានផ្តល់អាវុធដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន។

នៅក្នុងខែឧសភា ឆ្នាំ២០១១ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់ប្រធានចារកម្មបរទេសរុស្ស៊ី លោក មីខេល ហ្វ្រាដកូវ (Mikhail Fradkov) ទៅកាន់ទីក្រុងព្យុងយ៉ាង និងកិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងនៅពេលនោះគឺលោក គីម ជុងអ៊ីល (Kim Jong-il)៕

ប្រភព៖ AKP