បរទេស៖ យោងតាមរបាយការណ៍ដំបូង បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ត្រូវបានគេសន្មត់ថាត្រូវបានស្លាប់ដោយសារហេតុការណ៍បាក់ស្ពានកាលពីពេលថ្មីៗនេះនៅទីក្រុងបាល់ទីម័រ នៃរដ្ឋម៉ារីលែនដ៍របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន NBC News។
លោក ជេហ្វហ្រ្វី ព្រីតហ្ស៍កឺ (Jeffrey Pritzker) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនសំណង់ Brawner Builders ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានដែលបាននិយាយថា កម្មករសំណង់ចំនួន ៦នាក់ត្រូវបានគេសន្មត់ថាបានស្លាប់ ហើយមនុស្សម្នាក់បានរួចជីវិត។
ស្ពានហ្រ្វេស៊ីស ស្កតត៍ ឃី (Francis Scott Key) នៅទីក្រុងបាល់ទីម័រ បានដួលរលំកាលពីថ្ងៃទី២៥ ខែមីនា បន្ទាប់ពីវាត្រូវបានបុកដោយនាវាដឹកទំនិញដាលី (Dali) ដែលកំពុងធ្វើដំណើរក្រោមទង់ជាតិសិង្ហបុរី។ វីដេអូនៃការដួលរលំស្ពាននេះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម។ ក្រោយពីមានការប៉ះទង្គិចរួច កំណាត់ស្ពានបានបាក់ ហើយរថយន្តជាច្រើនគ្រឿងដែលជិះនៅលើស្ពាននោះបានធ្លាក់ចូលទៅក្នុងទឹក។ អភិបាលរដ្ឋម៉ារីលែនដ៍ លោក វេស មូរេ (Wes Moore) បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជុំវិញឧបទ្ទវហេតុនេះ៕
ប្រភព៖ AKP