លោក ស៊ី ជីនពីង៖ អនាគតរបស់មនុស្សជាតិពឹងផ្អែកទៅលើទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងជំនួបមួយជាមួយពាណិជ្ជករអាម៉េរិកដែលបានធ្វើឡើងនៅមហាសាលប្រជាជន នៅទីក្រុងប៉េកាំងថា លក្ខណៈនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អនាគតរបស់មនុស្សជាតិផងដែរ។

ទូរទស្សន៍មជ្ឈឹមចិនបានដកស្រង់សម្តីរបស់លោកប្រធានាធិបតីដែលបាននិយាយថា «សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអនាគត និងជោគវាសនារបស់មនុស្សជាតិ អាស្រ័យទៅលើថា តើប្រទេសចិន និងសហរដ្ឋអាមេរិកសហការគ្នា ឬប្រឈមមុខដាក់គ្នារបៀបណា»។

ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា «ដរាបណាភាគីទាំងពីរចាត់ទុកគ្នាទៅវិញទៅមកជាដៃគូ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានលទ្ធផលជាប្រយោជន៍ទៅវិញទៅមក នោះទំនាក់ទំនងទ្វេភាគីនឹងប្រសើរឡើង»។

លោក ស៊ី ជីនពីង ក៏បានបង្ហាញក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃអាំងតង់ស៊ីតេនៃការផ្លាស់ប្តូររវាងតំណាងនៃសង្គមគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរផងដែរ៕

ប្រភព៖ AKP