ឥណ្ឌូណេស៊ី​ធ្វើ​ការងារ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្តក្រុង​អគ្គិសនី

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីការលើកទឹកចិត្តពន្ធចំនួន ៥% និង ១០% សម្រាប់រថយន្តក្រុងអគ្គិសនីដែលមានអត្រាធ្វើមូលដ្ឋានីយកម្ម ២០% និងយ៉ាងហោចណាស់ ៤០% រៀងៗខ្លួន ក្នុងគោលបំណងជំរុញការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈដោយប្រើយានយន្តអេឡិចត្រិចនៅក្នុងប្រទេស។

ការអភិវឌ្ឍរថយន្តក្រុងអគ្គិសនី គឺជាផ្នែកមួយនៃដំណោះស្រាយដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីទាក់ទងនឹងទីក្រុងឆ្លាតវៃ និងមេត្រីបរិស្ថាន។

នៅទីក្រុងហ្សាកាតា ការជំរុញការផលិត និងការលក់រថយន្តអគ្គិសនី (EV) ក៏មានគោលបំណងចូលរួមចំណែកក្នុងការកែលម្អគុណភាពខ្យល់ និងកាត់បន្ថយការបំពុលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍបច្ចេកវិទ្យារថយន្តក្រុងអគ្គិសនីនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺមិនលឿនដូចយានយន្តអគ្គីសនីផ្សេងទៀត ដូចជារថយន្តអគ្គីសនី និងម៉ូតូអគ្គីសនីនោះទេ។

លោក បេនី ស៊ូកាឌីស (Beni Sukadis) អ្នកសម្របសម្រួលនៃវិទ្យាស្ថានឥណ្ឌូណេស៊ីសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងការពារជាតិ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានបំណងលើកកម្ពស់ថាមពលស្អាត ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្សាបការបំភាយឧស្ម័នមុនឆ្នាំ២០៦០។

ដូច្នេះហើយ ការអភិវឌ្ឍរថយន្តក្រុងអគ្គិសនី គឺជានិន្នាការជៀសមិនរួចដែលទីក្រុងហ្សាកាតាកំពុងបន្ត ដោយលោកបាននិយាយបន្ថែមថា ខ្លួនកំពុងខិតខំប្រឹងប្រែងកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈបៃតងឆ្ពោះទៅរកទីក្រុងឆ្លាតវៃ និងមេត្រីបរិស្ថាននាពេលអនាគត៕

ប្រភព៖ AKP