​ប្រធានាធិបតីចិន និងប្រធានាធិបតីហុងឌូរ៉ាស បានផ្លាស់ប្តូរការអបអរសាទរក្នុងខួបលើកទី១ នៃទំនាក់ទំនង

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៊ីអូម៉ារ៉ា កាស្ដ្រូ (Xiomara Castro) បានផ្លាស់ប្តូរការអបអរសាទរក្នុងខួបលើកទី១ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

លោក ស៊ី បានចង្អុលបង្ហាញថា កាលពីខែមីនាឆ្នាំមុន ប្រទេសចិន និងប្រទេសហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងការទូត ដោយបើកទំព័រថ្មីមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។

លោកបានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយជោគជ័យរបស់ លោកស្រី កាស្ត្រូ មកកាន់ប្រទេសចិនកាលពីខែមិថុនាកន្លងទៅ ភាគីទាំងពីរបានជួបពិភាក្សាគ្នា និងឈានដល់ការឯកភាពដ៏សំខាន់ ដោយកំណត់ទិសដៅ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរួម ដោយធានាថា ទំនាក់ទំនងទ្វេភាគីចាប់ផ្តើមរីកចម្រើនពីកម្រិតកំពូល។

លោក ស៊ី បាននិយាយថា លោកសូមវាយតម្លៃខ្ពស់ ចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសហុងឌូរ៉ាស ចំពោះគោលការណ៍ចិនតែមួយ ដោយលោកបានសង្កត់ធ្ងន់ថា ការពិតបានបង្ហាញថា ការបង្កើតទំនាក់ទំនងការទូតចិន-ហុងឌូរ៉ាស គឺជាការសម្រេចចិត្តនយោបាយត្រឹមត្រូវដែលធ្វើឡើងស្របតាមនិន្នាការប្រវត្តិសាស្ត្រ និងបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។

លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហុងឌូរ៉ាស ហើយមានឆន្ទៈក្នុងការធ្វើការជាមួយ លោកស្រី កាស្រ្ដូ ដើម្បីយកខួបលើកដំបូងនៃទំនាក់ទំនងទ្វេភាគី ជាឱកាសមួយក្នុងការពង្រឹងការគាំទ្រគ្នាទៅវិញទៅមក  ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងចិន-ហុងឌូរ៉ាស។

លោកស្រី កាស្រ្ដូ បាននិយាយថា ប្រទេសចិនដែលមានអរិយធម៌ពហុសហស្សវត្សរ៍ និងមានតួនាទីសំខាន់ក្នុងដំណើរការប្រវត្តិសាស្ត្រ គឺជាគំរូសម្រាប់ពិភពលោក និងជាដៃគូដ៏សំខាន់របស់ប្រទេសហុងឌូរ៉ាស។

លោកស្រីបាននិយាយថា ឆ្នាំមុនលោកស្រីបានឃើញការយកចិត្តទុកដាក់របស់ប្រទេសចិន ចំពោះការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ការចូលរួមរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាសកលលោក និងជំនួយដ៏ខ្លាំងក្លាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោក។

លោកស្រីបាននិយាយថា ប្រទេសហុងឌូរ៉ាសប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនង ជាមួយប្រទេសចិនដែលមានឯករាជ្យភាព និងការគោរពគ្នាទៅវិញទៅមក ដោយបង្ហាញពីបំណងចង់ឱ្យប្រជាជនទាំងពីរ ទទួលបាននូវចំណងមិត្តភាពយូរអង្វែង៕

ប្រភព៖ AKP