បរទេស៖ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមក្រុមការងារមួយ ដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើងប្រកបដោយប្រសិទ្ធភាព ពីការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ខ្លួន។
យោងតាមក្រសួងបានឱ្យដឹងថា កិច្ចប្រជុំបើកសម្ពោធ នៃក្រុមការងារពង្រឹងទ្វេភាគីរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាមួយនឹងមន្ត្រីជាង ៣០នាក់នៅក្នុងវិស័យការទូត ចារកម្ម ការដាក់ទណ្ឌកម្ម និងការរារាំងដែនសមុទ្រ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីវិធីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង ដើម្បីជៀសផុតពីការដាក់ទណ្ឌកម្មទាក់ទងនឹងលទ្ធកម្មប្រេងចម្រាញ់ ដោយសង្កត់ធ្ងន់ថា ការនាំចូលប្រេងចម្រាញ់លើសពីចំនួនដែលកំណត់ ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
ភាគីទាំងពីរក៏បានលើកឡើងពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីទប់ទល់នឹងសមត្ថភាពរបស់ប្រទេសកូរ៉េខាងជើងក្នុងការទិញប្រេង រួមទាំងពីប្រទេសរុស្ស៊ីផងដែរ ដោយភាគីទាំងពីរបាននិយាយថា នេះជាការរួមចំណែកដោយផ្ទាល់ ដល់ការត្រៀមខ្លួនខាងយោធារបស់ប្រទេស និងការអភិវឌ្ឍអាវុធរបស់ខ្លួន។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើងបានប៉ាន់ប្រមាណថា កប៉ាល់ដឹកប្រេងដែលមានទង់ជាតិកូរ៉េខាងជើង នឹងដឹកជញ្ជូនបាន ១,៥២៣,៣៨១ធុង នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំមុន៕
ប្រភព៖ AKP