បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បានឈានដល់ការឯកភាពជាមួយសមភាគីវៀតណាមរបស់លោក លើការជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញទំនាក់ទំនងទ្វេភាគីរបស់ពួកគេទៅកាន់កម្រិតថ្មីមួយ។
យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឱ្យដឹងថា ការផ្លាស់ប្តូរនេះបានធ្វើឡើងក្នុងជំនួបរវាង លោក គីម សុងណាម (Kim Song-nam) ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សពលករ និងលោក ឡេ ហៃទ្រុង (Le Hoai Trung) លេខាគណៈកម្មាធិការមជ្ឈិម និងជាប្រធានគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកកិច្ចការបរទេសនៅក្នុងបក្សកុម្មុយនិស្តវៀតណាម ក្នុងទីក្រុងហាណូយ។
ដំណើរទស្សនកិច្ចនេះបានកើតឡើង ខណៈដែលប្រទេសកូរ៉េខាងជើងទំនងជានឹងបន្តសកម្មភាពការទូត ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្ទាប់ពីការបិទព្រំដែនដោយសារជម្ងឺកូវីដ-១៩ របស់ទីក្រុងព្យុងយ៉ាងអស់ជាច្រើនឆ្នាំ។
ប្រទេសឡាវគ្រោងធ្វើជាម្ចាស់ផ្ទះវេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានផ្សេងទៀតក្នុងនាមជាប្រទេសប្រធាននៅឆ្នាំនេះ។ វេទិកា ARF ប្រចាំឆ្នាំ គឺជាវេទិកាតំបន់តែមួយគត់ដែលចូលរួមដោយប្រទេសកូរ៉េខាងជើង។
ប្រទេសអាស៊ានរួមមាន ប្រទេសប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។
ទីភ្នាក់ងារ KCNA បាននិយាយថា ដោយឡែក គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅ លោក យ៉ុន ជុងហូ (Yun Jong-ho) បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីគោលបំណងនៃការធ្វើដំណើរនោះទេ។ ប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ី បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយ រវាងមេដឹកនាំរបស់ពួកគេកាលពីខែកញ្ញា៕
ប្រភព៖ AKP