ការ​បាក់​ដី​នៅ​កោះ​ជ្វា​​ខាង​លិចនៃ​ប្រទេស​ឥណ្ឌូណេស៊ី បណ្តាល​ឱ្យមនុស្ស​ម្នាក់​ស្លាប់ និង​ ៩​នាក់​បាត់​ខ្លួន

0

បរទេស៖ អាជ្ញាធរក្នុងតំបន់បានប្រកាសកាលពីថ្ងៃទី២៥ ខែមីនាថា ការរអិលបាក់ដីបានវាយប្រហារភូមិមួយក្នុងខេត្តកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៤ ខែមីនា ដោយបានសម្លាប់ស្ត្រីម្នាក់ ខណៈដែលមនុស្ស ៩នាក់ផ្សេងទៀតរួមទាំងកុមារផងនោះបានបាត់ខ្លួន។

គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងភូមិស៊ីបេនដា ក្នុងតំបន់បាន់ឌុងខាងលិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកទៅលើតំបន់នេះអស់រយៈពេលប្រហែលពីរម៉ោង។

អភិបាលស្តីទីនៃតំបន់បាន់ឌុងខាងលិច លោក អាសាន ឡាទីហ្វ (Arsan Latif) បាននិយាយថា អ្នកភូមិចំនួន ៩នាក់ត្រូវបានគេគិតថាអាចនឹងត្រូវបានកប់ទាំងរស់។ កាលពីព្រឹកព្រលឹមថ្ងៃទី២៥ ខែមីនា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញស្ត្រីម្នាក់បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដីនោះ។

លោក ឡាទីហ្វ បាននិយាយថា អ្នកភូមិប្រហែល ៤០០នាក់ត្រូវភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈដែលផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញ។

ទឹកជំនន់ និងការរអិលបាក់ដីជារឿយៗតែងកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងរដូវវស្សា ជាពិសេសនៅតំបន់ដែលទទួលរងការកាប់បំផ្លាញព្រៃឈើ និងភ្លៀងធ្លាក់ខ្លាំង។

កាលពីដើមខែនេះ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅលើកោះស៊ូម៉ាត្រា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ កាលពីខែធ្នូឆ្នាំមុន ការរអិលបាក់ដី និងទឹកជំនន់បានលេបត្របាក់ផ្ទះរាប់សិបខ្នង បំផ្លាញសណ្ឋាគារក្បែរបឹងតូបា នៅលើកោះស៊ូម៉ាត្រា និងបានសម្លាប់មនុស្សយ៉ាងតិចពីរនាក់៕

ប្រភព៖ AKP