បរទេស៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងជំរុញគំនិតផ្តួចផ្តើមកសិកម្មឆ្លាតវៃ ដោយសហការជាមួយក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប្រានគររាជម៉ាហ្កាឡា ដើម្បីចាប់ផ្តើមគម្រោងសាកល្បងសម្រាប់ការអភិវឌ្ឍកសិកម្មឆ្លាតវៃ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធ FTI និងសាកលវិទ្យាល័យបច្ចេកវិទ្យាប្រានគររាជម៉ាហ្កាឡា ប្រធានសហព័ន្ធ FTI លោក ក្រៀងក្រៃ ធាននូគុល (Kriengkrai Thiennukul) បាននិយាយថា គម្រោងនេះនឹងផ្អែកទៅលើគោលគំនិតនៃវិស័យកសិកម្មតាមតម្រូវការ មានន័យថា តម្រូវការពីឧស្សាហកម្មនៅក្នុងតំបន់មួយចំនួននឹងកំណត់ថាតើគ្រាប់ដំណាំមួយណា និងគ្រាប់ពូជប៉ុន្មានដែលកសិករនឹងត្រូវដាំដុះ។
លោក ក្រៀងក្រៃ បាននិយាយថា បច្ចេកវិទ្យា និងនវានុវត្តន៍នឹងត្រូវបានអនុវត្តទៅលើវិស័យកសិកម្ម ដើម្បីបន្ថែមតម្លៃដល់ផលិតផល និងភ្ជាប់ពួកវាជាមួយឧស្សាហកម្ម។
យោងតាមសហព័ន្ធ FTI បានឱ្យដឹងថា វិស័យកសិកម្មរបស់ប្រទេសថៃបង្កើតបានចំណូល ១,៥ទ្រីលានបាត (៤១,២ប៊ីលានដុល្លារអាម៉េរិក) ជាតម្លៃដែលរួមចំណែក ៨% ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ មានកសិករប្រហែល ១២លាននាក់នៅក្នុងប្រទេសថៃ ធៀបទៅនឹងកម្មករចំនួន ៦.១៥លាននាក់នៅក្នុងវិស័យឧស្សាហកម្ម ដែលបង្ហាញថាមានកន្លែងសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃវិស័យកសិកម្មថៃ។
លោក ក្រៀងក្រៃ បាននិយាយថា ប្រទេសថៃមានសក្តានុពលខ្ពស់ក្នុងការពង្រឹងវិស័យកសិ-ពាណិជ្ជកម្មរបស់ខ្លួន ដោយសារតែប្រទេសនេះមានធនធានធម្មជាតិសម្បូរបែប។
ទន្ទឹមនឹងនេះដែរ លោក ណាត់វ៉ូរ៉ាប៉ុល រាជស៊ីរីវ៉ាត់ចារ៉ាប៊ុល (Natworapol Rachsiriwatcharabul) អធិការបតីនៃសាកលវិទ្យាល័យបច្ចេកវិទ្យាប្រានគររាជម៉ាហ្កាឡា បាននិយាយថា សាកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគម្រោងនេះ ដោយផ្តល់ការប្រឹក្សាទៅលើការដាំដុះ និងនវានុវត្តន៍បច្ចេកវិទ្យា ដោយជួយដល់សហព័ន្ធ FTI ក្នុងការដំណើរការគម្រោងនេះនៅក្នុងបរិវេណសាកលវិទ្យាល័យ។
សាកលវិទ្យាល័យនេះ និងសហព័ន្ធ FTI គ្រោងនឹងចែករំលែកចំណេះដឹងដែលទទួលបានពីគម្រោងនេះជាមួយកសិករនៅក្នុងខេត្តផ្សេងទៀត និងសមាជិកនៃសហព័ន្ធ FTI ។
សហព័ន្ធ FTI ពីមុន បានបង្កើតវិទ្យាស្ថានសម្រាប់កសិឧស្សាហកម្ម ដើម្បីធ្វើការងារជាមួយរដ្ឋាភិបាលទៅលើការកសាងកសិករជំនាន់ថ្មី ដែលអាចរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងផែនការទីផ្សារដើម្បីលក់ផលិតផលរបស់ពួកគេឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ AKP