​កៀគីស្ថានរឹតបន្តឹងវិធានការសន្តិសុខ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ

0

បរទេស៖ យោង​តាម​សេវា​សារព័ត៌មាន ​នៃ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទថា វិធានការសន្តិសុខនឹងត្រូវបានពង្រឹងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងរដ្ឋធានីកៀគីស បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ។

របាយការណ៍បាននិយាយថា អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក នូរបេក អាប់ដេវ (Nurbek Abdiev) បានជួបប្រជុំជាមួយម្ចាស់ និងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងកន្លែងកម្សាន្ត ក៏ដូចជាតំណាងក្រុមហ៊ុនសន្តិសុខឯកជន។

ក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យពួកគេរឹតបន្តឹងសន្តិសុខ ដំឡើងប្រព័ន្ធសំឡេងរោទិ៍ ជ្រើសរើសបុគ្គលិកសន្តិសុខដោយប្រុងប្រយ័ត្ន និងចុះត្រួតពិនិត្យទីកន្លែងដើម្បីស្វែងរកអាវុធជាតិផ្ទុះ ឬវត្ថុសង្ស័យឱ្យបានទាន់ពេលវេលា។

ពួកគេក៏បានពិភាក្សាអំពីវិធានការទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើអាវុធនៅកន្លែងដែលមានមនុស្សច្រើនផងដែរ។ លោក អាប់ដេវ បានលើកឡើងពីផលវិបាកដ៏សោកនាដកម្ម នៃការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៧នាក់ស្លាប់។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ មន្ត្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងសហការគ្នា ដើម្បីធានាបាននូវសុវត្ថិភាព៕

ប្រភព៖ AKP