​មន្ត្រី​កូរ៉េខាងជើង​អំពាវនាវ​ឲ្យ​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានអំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសចិន ក្រោយពីជំនួបចុងក្រោយបំផុតនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់ចិន។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើង (KCNA) បានឱ្យដឹងថា លោក គីម សុងណាម (Kim Song-nam) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករ បានធ្វើការអត្ថាធិប្បាយក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំង ដោយបានកត់សម្គាល់ថា ឆ្នាំនេះជាឆ្នាំនៃទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង-ចិន។

ឆ្នាំនេះ គឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េខាងជើង និងប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ប្រទេសកូរ៉េខាងជើង និងជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំបំផុត។

ទីភ្នាក់ងារ KCNA បាននិយាយថា ជាការឆ្លើយតប លោក វ៉ាង បាននិយាយថា លោកប្រាកដថា ទំនាក់ទំនងមិត្តភាពរបស់ពួកគេនឹងឈានទៅមុខ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំរបស់ពួកគេ ហើយលោកបានបន្ដថា ទីក្រុងប៉េកាំងនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាង ដើម្បីការពារផលប្រយោជន៍រួមរបស់ពួកគេ។

លោក គីម ក៏បានជួបជាមួយ លោក វ៉ាង ហ៊ូនីង (Wang Huning) សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន និងលោក លីវ ជៀនចៅ (Liu Jianchao) រដ្ឋមន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់គណបក្សផងដែរ។

ប្រទេសឡាវគ្រោងធ្វើជាម្ចាស់ផ្ទះវេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានផ្សេងទៀតក្នុងនាមជាប្រទេសប្រធាននៅឆ្នាំនេះ។ វេទិកា ARF ប្រចាំឆ្នាំ គឺជាវេទិកាតំបន់តែមួយគត់ដែលចូលរួមដោយប្រទេសកូរ៉េខាងជើង។ ប្រទេសអាស៊ានរួមមាន​ ប្រទេស​ប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេស​វៀតណាម៕

ប្រភព៖ AKP