​ចិន​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថាមពល​ខ្យល់​ដំបូង​គេ​នៅ​បង់ក្លាដែស​

0

បរទេស៖ ជាមួយនឹងការដំឡើងម៉ាស៊ីនភ្លើង ដែលជំរុញដោយចរន្ដខ្យល់ រោងចក្រថាមពលខ្យល់ខកស៍ បាហ្សារ (Cox’s Bazar) ដែលជាគម្រោងថាមពលខ្យល់ដំបូងគេនៅក្នុងប្រទេសបង់ក្លាដែសដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាសចិន ត្រូវបានដាក់ឱ្យដំណើរការ។

នៅពេលដំណើរការ គម្រោងនេះនឹងផ្តល់ឱ្យប្រទេសបង់ក្លាដែសនូវអគ្គិសនីយ៉ាងគាប់ប្រសើរប្រហែល ១៤៥លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដោយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន ៤៤,៦០០តោន និងការបំភាយកាបូនឌីអុកស៊ីតចំនួន ១០៩,២០០តោន ក៏ដូចជាបំពេញតម្រូវការអគ្គិសនីរបស់គ្រួសារចំនួន ១០០,០០០គ្រួសារផងដែរ។

លោក អាប់ឌុល កាដឺ ហ្គូនី (Abdul Kader Goni) វិស្វករប្រតិបត្តិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ថាមពលបង់ក្លាដែស បានប្រាប់សារព័ត៌មានស៊ីនហួថា ប្រទេសបង់ក្លាដែសបានឈានចូលយុគសម័យនៃថាមពលខ្យល់ពាណិជ្ជកម្មដំបូងគេ ជាមួយនឹងការបង្កើតរោងចក្រថាមពលខ្យល់នៅតំបន់ខកស៍ បាហ្សារ។

លោក ហេយ ហ្សៅ (Hei Zhao) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវូលីង ផៅវ័រ ខប (Wuling Power Corp.) បាននិយាយថា នេះជាលើកទីមួយហើយដែលសហគ្រាសចិនបានណែនាំថាមពលខ្យល់ ចូលទៅក្នុងប្រទេសបង់ក្លាដែសក្នុងនាមជាអ្នកវិនិយោគ ដោយបំពេញចន្លោះប្រហោងក្នុងវិស័យថាមពលខ្យល់នៅក្នុងប្រទេសបង់ក្លាដែស។

លោក ម៉ានីក អាហាមេដ (Manik Ahamed) វិស្វករជនជាតិបង់ក្លាដែសនៃគម្រោងនេះបាននិយាយថា ប្រទេសបង់ក្លាដែសត្រូវការថាមពលប្រភេទនេះ។ «ខ្ញុំបានរៀនច្រើនពីគម្រោងនេះ ដូចជារបៀបផលិតថាមពលបន្ថែមដោយខ្យល់ និងរបៀបផលិតអគ្គិសនីដោយសុវត្ថិភាពក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសបង់ក្លាដែស។ ខ្ញុំសង្ឃឹមថា គម្រោងនេះអាចធ្វើបានកាន់តែច្រើនសម្រាប់ការអភិវឌ្ឍថាមពល និងបច្ចេកវិទ្យារបស់យើង»៕

ប្រភព៖ AKP