បរទេស៖ ក្រុមប៉ាឡេស្ទីននឹងមិនចរចារសម្រាប់ការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ដរាបណាទាល់តែមានបទឈប់បាញ់ពេញលេញនៅក្នុងរង្វង់មួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយដោយក្រុមនេះកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយតាមបណ្តាញតេឡេក្រាមនោះបាននិយាយថា «ក្រុមប៉ាឡេស្ទីន ដោយមានការសម្រេចចិត្តរបស់ប៉ាឡេស្ទីននៅថ្នាក់ជាតិថានឹងមិនមានការជជែកពិភាក្សាស្តីអំពីចំណាប់ខ្មាំង និងគ្មានកិច្ចព្រមព្រៀងដោះដូរនោះទេ រហូតណាដល់ការឈ្លានពានបានបញ្ចប់ទាំងស្រុង»។
នៅព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមហាម៉ាស់បានច្រានចោលព័ត៌មានដែលថាចលនានេះកំពុងពិភាក្សាជាមួយអ៊ីស្រាអែល ស្តីពីកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ការដោះដូរចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន។
កាលពីថ្ងៃទី៧ ខែតុលា ចលនាហាម៉ាស់ប៉ាឡេស្ទីន បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីបឆ្លងកាត់ព្រំដែន ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ និងចាប់ពង្រត់មនុស្សប្រហែល ២៤០នាក់ផ្សេងទៀត។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹក ដោយបានបញ្ជាឱ្យបិទតំបន់ហ្កាហ្សាទាំងស្រុង និងបើកការលុកលុយចូលទឹកដីប៉ាឡេស្ទីន ជាមួយនឹងគោលដៅដែលបានប្រកាសថានឹងកម្ចាត់យុទ្ធជនហាម៉ាស់ និងជួយសង្គ្រោះចំណាប់ខ្មាំង។ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សជាង ២០.០០០នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះនៅក្នុងតំបន់ហ្កាហ្សា ដែលជាលទ្ធផលនៃជម្លោះ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប្រទេសកាតាបានសម្រុះសម្រួលកិច្ចព្រមព្រៀងមួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីពីបទឈប់បាញ់បណ្តោះអាសន្ន និងការដោះដូរអ្នកទោស និងចំណាប់ខ្មាំងមួយចំនួន ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបផងដែរ។ បទឈប់បាញ់នោះត្រូវបានពន្យារជាច្រើនដង ហើយបានផុតកំណត់កាលពីថ្ងៃទី១ ខែធ្នូ៕
ប្រភព៖ AKP