បរទេស៖ ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមការសាងសង់ដំណាក់កាលទី៣ នៃគម្រោងរដ្ឋធានីថ្មី នូសាន់តារ៉ា (IKN) នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច នៅលើកោះបូណេអូ កាលពីពេលថ្មីៗនេះ។
នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ Central General ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយថា នេះ គឺជាមន្ទីរពេទ្យទី៤ ដែលបានសាងសង់នៅក្នុងរដ្ឋធានីថ្មី នូសាន់តារ៉ា ក្នុងរយៈពេលបីខែកន្លងមកនេះ។ លោកបានសម្តែងនូវក្តីសង្ឃឹមថា នៅពេលមន្ទីរពេទ្យទាំងអស់ដំណើរការ ប្រជាជននឹងមិនចាំបាច់ទៅព្យាបាលនៅក្រៅប្រទេស ដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិកទៀតឡើយ។
ប្រមុខរដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានកំណត់គោលដៅនៃការបញ្ចប់ និងដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យទាំងបួននេះនៅពាក់កណ្តាលឆ្នាំ២០២៤ មុនពេលខួបលើកទី៧៩ នៃទិវាឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំក្រោយ។
នៅពេលមុននេះ អាជ្ញាធររដ្ឋធានីនូសាន់តារ៉ា (OIKN) បាននិយាយថា ពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី៣ ដែលមានគម្រោងទឹកប្រាក់ ៣០ប៊ីលានដុល្លារអាម៉េរិកនេះ ធ្វើឡើងនៅថ្ងៃទី២០-២១ ខែធ្នូ លើវិស័យចំនួន៣ គឺតំបន់បៃតង តំបន់នៃទីភ្នាក់ងាររដ្ឋាភិបាល និងតំបន់អេកូឡូស៊ី។
យោងតាមអ្នកនាំពាក្យរបស់រដ្ឋធានី OIKN លោក ត្រូយ ប៉ាន់ទូវ បានឱ្យដឹងថា ដំណាក់កាលទី៣ នេះ រួមមានគម្រោងដាំដើមឈើ ប្រព័ន្ធដឹកជញ្ជូនអគ្គិសនី សណ្ឋាគារ មន្ទីរពេទ្យ និងគម្រោងជាច្រើនទៀត ដែលមានតម្លៃសរុបប្រមាណ ៦៤៥លានដុល្លារអាម៉េរិក។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក វីដូដូ បានប្រកាសជាលើកដំបូងអំពីផែនការផ្លាស់ប្តូរទីតាំងរដ្ឋធានីពីកោះជ្វា ដែលជាកោះដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះកាលពីក្នុងខែមេសា ឆ្នាំ២០១៩។
ប៉ុន្មានខែក្រោយមក លោក វីដូដូ បានប្រកាសថា ស្រុកប៉េណាចាំ ប៉ាសឺរ និងស្រុកគូតៃ កឺតាណេហ្គារ៉ា នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត នឹងត្រូវធ្វើជាទីតាំងនៃរដ្ឋធានីថ្មី។
ជាមួយនឹងផ្ទៃដីប្រហែល ១២៧.០០០គីឡូម៉ែត្រក្រឡា ខេត្តកាលីម៉ាន់តាន់ខាងកើត គឺជាជម្រករបស់ប្រជាជនជាង ៣,៧លាននាក់។ រដ្ឋធានីថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលរដ្ឋាភិបាល ខណៈដែលទីក្រុងហ្សាការតាដែលជារដ្ឋធានីបច្ចុប្បន្ន និងមានប្រជាជនជាង ១០លាននាក់ នឹងនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ AKP