ថៃ​ផ្អាក​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មីសម្រាប់ការប្រើប្រាស់កាំភ្លើង​

0

បរទេស៖ ក្រសួង​មហាផ្ទៃរបស់ប្រទេស​ថៃ​បាន​ប្រកាស​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​ថៃ​បាន​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មីសម្រាប់ការប្រើប្រាស់កាំភ្លើងរយៈពេល​មួយ​ឆ្នាំ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្រី ត្រៃស៊ូរី តៃសារ៉ាណាគុល បាននិយាយថា ការអនុវត្តនេះចូលជាធរមានភ្លាមៗ ហើយបន្ទាប់ពីមានការជជែកដេញដោលនៅក្នុងប្រទេសអំពីការគ្រប់គ្រងអាវុធ បន្ទាប់ពីមានឧប្បត្តិហេតុផ្ទុះអាវុធកើតឡើង។

ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់បានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងបាងកកកាលពីខែតុលា ដោយបានសម្លាប់មនុស្ស ៣នាក់ ហើយអតីតប៉ូលីសម្នាក់ដែលប្រដាប់ដោយកាំភ្លើង និងកាំបិតស្របច្បាប់បានសម្លាប់កុមារចំនួន ២៤នាក់ និងមនុស្សពេញវ័យ ១២នាក់នៅឯសាលាមត្តេយ្យមួយកាលពីឆ្នាំមុន។

យោងតាមគេហទំព័រ GunPolicy.org បានឱ្យដឹងថា ប្រទេសថៃមានអត្រាកាន់កាប់កាំភ្លើងខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអាវុធចំនួន ១០លានដើមដែលកំពុងចរាចរ ដែលប្រហែលម្នាក់ក្នុងចំណោមជនជាតិថៃប្រាំពីរនាក់។

ប្រទេសថៃបានកត់ត្រាការស្លាប់ដោយកាំភ្លើងប្រមាណជិត ១.៣០០នាក់នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំចុងក្រោយបង្អស់ដែលមានទិន្នន័យ៕

ប្រភព៖ AKP