បរទេស៖ យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសចិនមានបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតកម្មរបស់ខ្លួននៅត្រឹមឆ្នាំ២០២៧។
ទន្ទឹមនឹងនោះដែរ សមត្ថភាពគ្រប់គ្រងគុណភាពរបស់សហគ្រាសផលិតនឹងត្រូវបានពង្រឹងយ៉ាងខ្លាំង ដោយសារតែផលិតផលលំដាប់ខ្ពស់កាន់តែច្រើនត្រូវបានបង្កើតឡើង។ នេះបើយោងតាមការណែនាំរួមគ្នាដោយក្រសួង MIIT គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ និងការគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ។
គោលការណ៍ណែនាំនោះបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗចំនួន៤ សម្រាប់សហគ្រាស ដែលរួមមានការបង្កើនចំណេះដឹងរបស់ពួកគេអំពីគុណភាពផលិតកម្ម ការពង្រឹងសមត្ថភាពអភិវឌ្ឍន៍គុណភាព ការលើកកម្ពស់ការគ្រប់គ្រងគុណភាពឌីជីថល និងការវាយតម្លៃសមត្ថភាពគ្រប់គ្រងគុណភាព។
វិស័យផលិតកម្មរបស់ប្រទេសចិនបាននាំមុខគេលើពិភពលោកក្នុងរយៈពេល ១៣ឆ្នាំជាប់ៗគ្នាកាលពីក្នុងឆ្នាំ២០២២ ជាមួយនឹងតម្លៃបន្ថែមនៃវិស័យនេះបានរួមចំណែកដល់ទៅជាង ៣០% នៃចំនួនសរុបរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ដ៏ល្បីមួយដែលមានចំណងជើងថា របាយការណ៍ជំរុញសង្វាក់ផ្គត់ផ្គង់សកលលោក (Global Supply Chain Promotion Report) ដែលចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិកាលពីក្នុងខែវិច្ឆិកា៕
ប្រភព៖ AKP