បរទេស៖ ក្រសួងការបរទេសរបស់កូរ៉េខាងត្បូង បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក ផាក ជីន បានជួបពិភាក្សាជាមួយសមភាគីបេនីនរបស់លោកកាលពីថ្ងៃពុធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក អូលូសេហ្គន់ អាដចាឌី បាការី លោក ផាក បានសម្តែងក្តីសង្ឃឹមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយបានរំពឹងទុកថា លោក ប៉ាទ្រីក តាឡុន ប្រធានាធិបតីប្រទេសបេនីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាហ្វ្រិក។
ជាការឆ្លើយតប លោក បាការី បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនឹងក្លាយជាឱកាសមួយដើម្បីពិភាក្សាអំពីវិធី «ជាក់លាក់ និងជាក់ស្តែង» សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសបេនីនមាន «ការរំពឹងទុកដ៏អស្ចារ្យ» សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងសេអ៊ូល។
លោក បាការី បានទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃតាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង៕
ប្រភព៖ AKP