បរទេស៖ អគ្គនាយកនៃមជ្ឈមណ្ឌលទេសចរណ៍ឥស្លាម (ITC) របស់ម៉ាឡេស៊ី លោក នីហ្សរ៉ាន់ នូឌីន បាននិយាយថា ប្រសិនបើកន្លែងមួយជាកន្លែងផ្ទុកវត្ថុបុរាណ ឬតំបន់ប្រវត្តិសាស្ត្រស្ថិតក្នុងបញ្ជីបេតិកភណ្ឌជាតិ កន្លែងនោះនឹងក្លាយជាតំបន់អភិរក្ស ហើយទីភ្នាក់ងារគ្រប់គ្រងនឹងមានផែនការអភិរក្សប្រចាំឆ្នាំដ៏ទូលំទូលាយមួយ។ គោលការណ៍ណែនាំនេះនឹងផ្តោតសំខាន់ទៅលើកត្តាដែលទាក់ទងនឹងបេតិកភណ្ឌជាតិ ដូចជាបរិស្ថាន ការទំនាក់ទំនង និងការគ្រប់គ្រងចរាចរណ៍ ក្នុងចំណោមលក្ខណៈផ្សេងៗទៀត។
លោក នូឌីន បានកត់សម្គាល់ថា តំបន់អភិរក្សទាំងនោះ រួមមានតំបន់ស្នូល និងតំបន់ការពារ។ ដោយផ្អែកលើទីតាំងជាក់លាក់ និងផែនការស្ទង់មតិរបស់ក្រុមអ្នកជំនាញ អាជ្ញាធរនឹងសម្រេចលើផែនការអភិរក្ស។ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីមាននាយកដ្ឋានគ្រប់គ្រងបេតិកភណ្ឌ ស្ថិតក្រោមក្រសួងទេសចរណ៍ វប្បធម៌ និងសិល្បៈ។
លោកបានទទួលស្គាល់ថា បន្ថែមពីលើការគ្រប់គ្រង ការប្រើប្រាស់ និងការអភិវឌ្ឍន៍សមស្រប តំបន់ការពារទាំងអស់នៅក្នុងតំបន់បេតិកភណ្ឌក៏ត្រូវបានការពារសម្រាប់បញ្ហាបរិស្ថាន រួមទាំងការកែលម្អបរិស្ថានរស់នៅ ការទំនាក់ទំនង និងការគ្រប់គ្រងចរាចរណ៍ផងដែរ។
ប្រទេសម៉ាឡេស៊ីមានទីតាំងបេតិកភណ្ឌចំនួន៤ ដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (អង្គការយូណេស្កូ)៕
ប្រភព៖ AKP