​​លោក ស៊ី ជីនពីង ជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។

ដោយកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំនេះមក លោកបានជួបជាមួយប្រធានាធិបតី លោក ពូទីន ២ដងរួចមកហើយនោះ លោក ស៊ី បាននិយាយថា រដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ គណបក្សនយោបាយ និងមូលដ្ឋាននៃប្រទេសទាំងពីរ បានអនុវត្តការផ្លាស់ប្តូរស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យផ្សេងៗបានអភិវឌ្ឍយ៉ាងរឹងមាំ និងមានស្ថិរភាព។

លោក ស៊ី បាននិយាយថា ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ២០០ប៊ីលានដុល្លារអាម៉េរិក ដែលកំណត់រួមគ្នាដោយប្រមុខរដ្ឋទាំងពីរ ដែលបង្ហាញពីភាពធន់រឹងមាំ និងការរំពឹងទុកយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោកបានកត់សម្គាល់ថា ការរក្សា និងអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី គឺជាជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើងដោយភាគីទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក ស៊ី បាននិយាយថា ប្រទេសចិនគាំទ្រប្រជាជនរុស្ស៊ីក្នុងការប្រកាន់យកនូវមាគ៌ាអភិវឌ្ឍន៍នៃជម្រើសរបស់ពួកគេ ដោយបង្ហាញក្តីសង្ឃឹមក្នុងការរៀបចំខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ ដែលជាចំណុចចាប់ផ្តើមថ្មីមួយដើម្បីបន្តពង្រីកឥទ្ធិពលវិជ្ជមាននៃទំនាក់ទំនងនយោបាយកម្រិតកំពូល និងរួមគ្នាឆ្ពោះទៅមុខក្នុងដំណើរការលើកកម្ពស់គ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យប្រទេសមានការរីកចម្រើនឡើងវិញ៕

ប្រភព៖ AKP