អ៊ីស្រាអែល​ផ្តល់ដល់ក្រុមហាម៉ាស់នូវ​បទ​ឈប់​បាញ់​បណ្តោះ​អាសន្នជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង​ជាង ​៣០​នាក់​

0

បរទេស៖ សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់ពីប្រភពនានាថា ប្រទេសអ៊ីស្រាអែល​បាន​ផ្តល់​ជូនដល់​ក្រុម​ហាម៉ាស់​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្គាហ្សា​រយៈពេល​មួយ​សប្តាហ៍ ដែល​ជា​ផ្នែកនៃ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​ជាង ៣០នាក់​ដែល​ចលនា​រ៉ាឌីកាល់​ប៉ាឡេស្ទីន​ហាម៉ាស់កំពុង​ចាប់ឃុំខ្លួន​ក្នុង​តំបន់នោះ​។

យោងតាមប្រភពទាំងនោះ បាន​ឱ្យដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ូសសាដរបស់អ៊ីស្រាអែល លោក ដាវីដ បានា បានពិភាក្សាអំពីគំនិតផ្តួចផ្តើមចុងក្រោយនេះរបស់អ៊ីស្រាអែល ដើម្បីបន្តកិច្ចចរចាសន្តិភាពនៅទីក្រុង Warsaw កាលពីពេលថ្មីៗនេះជាមួយប្រធាន CIA លោក វីល្លៀម ប៊នស៍ និងនាយករដ្ឋមន្ត្រីកាតា លោក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី។ ប្រភពនោះបានប្រាប់សារព័ត៌មាន Axios  ថា លោក បានា បានបង្ហាញសំណើមួយដើម្បីធានាដល់ការដោះលែងក្រុមចំណាប់ខ្មាំងប្រហែល ៤០នាក់ដែលនឹងរាប់បញ្ចូលទាំងបុរសដែលមានអាយុលើសពី ៦០ឆ្នាំ និងចំណាប់ខ្មាំងដទៃទៀតដែលត្រូវការការថែទាំសុខភាពជាបន្ទាន់។ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងទាំងនោះ ប្រទេសអ៊ីស្រាអែលអាចត្រៀមខ្លួនដើម្បីផ្អាកការប្រយុទ្ធយ៉ាងហោចណាស់មួយសប្តាហ៍ ឬក៏អាចដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងអ្នកដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងពីមុន។

វិបផតថលព័ត៌មាននោះបាននិយាយថា នេះ គឺជាសំណើដំបូងដែលអ៊ីស្រាអែលបានផ្តល់ជូនចាប់តាំងពីថ្ងៃទី០១ ខែធ្នូមក នៅពេលដែលកងកម្លាំងការពារអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានបំពានច្បាប់នៃបទឈប់បាញ់ និងបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ នៅឯកិច្ចប្រជុំនៅទីក្រុង Warsaw ប្រទេសកាតាបានបញ្ជូនសាររបស់ក្រុមហាម៉ាស់ដែលបាននិយាយថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួន មុនពេលកិច្ចពិភាក្សាណាមួយស្តីពីការដោះលែងចំណាប់ខ្មាំងអាចចាប់ផ្តើម។ សារព័ត៌មាន Axios បាន​និយាយ​ថា ជា​ការ​ឆ្លើយ​តប លោក បានា បាន​និយាយ​ថា ក្រុម​ហាម៉ាស់​គួរ​តែ​ដាក់​អាវុធចុះ ហើយ​ងាក​មក​រក​មេដឹកនាំ​របស់​ខ្លួន។ យោងតាមប្រភពនោះបានឱ្យដឹងថា ខណៈដែលប្រទេសកាតាកំពុងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ។

កាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសសាក ហឺរហ្សូក បានប្រកាសថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀតនៅតំបន់ហ្គាហ្សាស្ទ្រីប និងការកើនឡើងនៃចំនួនជំនួយមនុស្សធម៌សម្រាប់ប្រជាជនក្នុងដែនដីនោះ ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាស់។ មេដឹកនាំ​អ៊ីស្រាអែល​ក៏​បាន​កត់​សម្គាល់ផងដែរ​ថា ​ការ​ទទួល​ខុស​ត្រូវ ​គឺ​ស្ថិត​នៅ​លើ​ថ្នាក់​ដឹកនាំ​របស់​ក្រុម​ហាម៉ាស់ទាំង​ស្រុង៕

ប្រភព៖ AKP