បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីក្នុងខែវិច្ឆិកា នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូថា កោះតៃវ៉ាន់នឹងបង្រួបបង្រួមជាមួយប្រទេសចិនជាយថាហេតុ ប៉ុន្តែពេលវេលាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមសារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាម៉េរិកបីនាក់។
លោក ស៊ី បាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះថា ប្រទេសចិនពេញចិត្តដែលការបង្រួបបង្រួមគ្នាកើតឡើងដោយសន្តិវិធី ជាជាងតាមរយៈការប្រើកម្លាំង។ ពួកគេបានពណ៌នាការលើកឡើងរបស់លោកថា ជាការមិនច្បាស់លាស់ ប៉ុន្តែមិនមែនជាការប្រឈមមុខដាក់គ្នានោះទេ។
លោក ស៊ី ក៏បាននិយាយផងដែរថា មេដឹកនាំយោធាអាម៉េរិកមានភាពមិនត្រឹមត្រូវក្នុងការទស្សន៍ទាយថា ចិននឹងស្វែងរកការបង្រួបបង្រួមជាមួយតៃវ៉ាន់នៅក្នុងឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ខណៈដែលពេលវេលាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ការរាយការណ៍នោះបាននិយាយថា មន្ត្រីចិនបានស្នើសុំនៅមុនពេលកិច្ចប្រជុំកំពូលនោះ ដោយឱ្យលោក បៃដិន ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយបន្ទាប់ពីនោះថា សហរដ្ឋអាមេរិកបានគាំទ្រដល់គោលដៅរបស់ប្រទេសចិនក្នុងការបង្រួបបង្រួមដោយសន្តិវិធី និងមិនមែនឯករាជ្យភាពរបស់តៃវ៉ាន់នោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធចំពោះសំណើនោះ៕
ប្រភព៖ AKP