បរទេស៖ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្សជាង ១០០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអាគារមួយនៅក្នុងជំរុំជនភៀសខ្លួនចាបាលៀ នៅតំបន់ហ្គាហ្សាស្រ្ទីបភាគខាងជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ការរាយការណ៍នោះបាននិយាយបន្ថែមថា ក្រុមគ្រួសារ និងអ្នកផ្លាស់ទីលំនៅជាច្រើនកំពុងជ្រកកោននៅក្នុងអគារនោះ។
កាលពីសប្តាហ៍មុន ប្រទេសកាតាបានសម្រុះសម្រួលកិច្ចព្រមព្រៀងមួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ស្តីពីបទឈប់បាញ់បណ្តោះអាសន្ន និងការដោះដូរអ្នកទោស និងចំណាប់ខ្មាំងមួយចំនួន ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ បទឈប់បាញ់ត្រូវបានពន្យារពេលជាច្រើនដង ប៉ុន្តែនៅថ្ងៃសុក្រទី០១ ខែធ្នូ យោធាអ៊ីស្រាអែលបានបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបាននិយាយថា ក្រុមនោះបានរំលោភទៅលើការផ្អាកមនុស្សធម៌ដោយការបើកការបាញ់ប្រហារលើទឹកដីអ៊ីស្រាអែល។
កាលពីថ្ងៃទី០៧ ខែតុលា ចលនាប៉ាឡេស្ទីនហាម៉ាស់ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកវិញ ហើយបានបញ្ជាឱ្យបិទតំបន់ហ្គាហ្សាទាំងស្រុង ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។ កាលពីថ្ងៃទី២៧ ខែតុលា អ៊ីស្រាអែលបានបើកការលុកលុយចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងគោលដៅដែលបានប្រកាសថា នឹងកម្ចាត់ក្រុមយុទ្ធជនហាម៉ាស់ និងជួយសង្គ្រោះចំណាប់ខ្មាំង៕
ប្រភព៖ AKP