គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ វាយប្រហារប្រទេសហ្វីលីពីន

0

បរទេស៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ទិន្នន័យរបស់ EMSC បានបង្ហាញថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅវេលាម៉ោង ១៤:៣៧នាទី GMT នៅចម្ងាយ ១៩គីឡូម៉ែត្រ (១១,៨ម៉ាយល៍) ភាគឦសាននៃក្រុងតាកប៊ីណា នៅលើកោះមីនដាណៅ ក្នុងជម្រៅ ៦៣គីឡូម៉ែត្រ។

ការរញ្ជួយដីនេះត្រូវបានបន្តដោយការរញ្ជួយដីកម្រិត ៥,៧ – ៦,៥រ៉ិចទ័រផ្សេងទៀតក្នុងរយៈពេលពេញមួយថ្ងៃ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ ដែលត្រូវបានលើកចោលវិញនៅពេលល្ងាចថ្ងៃដដែលនោះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីនៅជិតប្រទេសហ្វីលីពីន ដោយបាននិយាយថា អាចនឹងមានរលកខ្ពស់រហូតដល់ ១ម៉ែត្រ (៣,២ហ្វីត) ទៅដល់តំបន់ឆ្នេរនៃប្រទេសនៅយប់ថ្ងៃនោះ។

មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​មនុស្ស​ស្លាប់ ឬ​ការ​ខូច​ខាត​នោះ​ទេ៕

ប្រភព៖ AKP