បរទេស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រសិនបើអ៊ីស្រាអែលមានបំណងលុបបំបាត់ទាំងស្រុងនូវក្រុមចលនាហាម៉ាស់របស់ប៉ាឡេស្ទីន សង្រ្គាមនោះនឹងមានរយៈពេល ១០ឆ្នាំ ដូច្នេះអ៊ីស្រាអែលគួរតែបញ្ជាក់ឱ្យកាន់តែច្បាស់អំពីគោលដៅរបស់ខ្លួននៅក្នុងជម្លោះ។
ប្រធានាធិបតីបារាំងបាននិយាយបន្ថែមថា «ការបំផ្លិចបំផ្លាញទឹកដីទាំងមូល ឬការទម្លាក់គ្រាប់បែកទៅលើសក្តានុពលជនស៊ីវិលទាំងអស់ មិនមែនជាការឆ្លើយតបដ៏ល្អចំពោះសកម្មភាពរបស់ក្រុមភេរវករទេ»។
កាលពីថ្ងៃទី០៧ ខែតុលា ចលនាហាម៉ាស់ប៉ាឡេស្ទីន បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកវិញ ហើយបានបញ្ជាឱ្យបិទតំបន់ហ្គាហ្សាទាំងស្រុង ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។ កាលពីថ្ងៃទី២៧ ខែតុលា អ៊ីស្រាអែលបានបើកការលុកលុយចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងគោលដៅដែលបានប្រកាសថា នឹងកម្ចាត់ក្រុមយុទ្ធជនហាម៉ាស់ និងជួយសង្គ្រោះចំណាប់ខ្មាំង។
កាលពីសប្តាហ៍មុន ប្រទេសកាតាបានសម្រុះសម្រួលកិច្ចព្រមព្រៀងមួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់លើបទឈប់បាញ់បណ្តោះអាសន្ន និងការដោះដូរអ្នកទោស និងចំណាប់ខ្មាំងមួយចំនួន ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ បទឈប់បាញ់នោះត្រូវបានពន្យារពេលជាច្រើនដង ប៉ុន្តែនៅថ្ងៃសុក្រទី០១ ខែធ្នូ យោធាអ៊ីស្រាអែលបានបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបវិញ ដោយបាននិយាយថា ក្រុមនេះបានរំលោភទៅលើការផ្អាកជំនួយមនុស្សធម៌ដោយបើកការបាញ់ប្រហារលើទឹកដីអ៊ីស្រាអែល៕
ប្រភព៖ AKP