កងទ័ពអាកាសអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង

0

បរទេស៖ ទូរទស្សន៍អាល់ម៉ាយ៉ាឌីន បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលកំពុងធ្វើការវាយឆ្មក់ទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយនៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។

យោង​តាមការរាយការណ៍នោះបានឱ្យដឹងថា យន្តហោះ​អ៊ីស្រាអែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​មិន​រើសមុខ​លើ​ទីប្រជុំជនខាន់យូនីស។ ប៉ុស្តិ៍ទូរទស្សន៍នោះក៏បានរាយការណ៍ផងដែរថា កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងវាយលុកទៅលើសង្កាត់លំនៅដ្ឋាននៅភាគកណ្តាលនៃទីក្រុង Deir al-Balah និងតំបន់ជុំវិញ។

ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកនៃការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅជិតព្រំដែន និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ដែលរួមមានទាំងកុមារ ស្ត្រី និងមនុស្សចាស់។ ក្រុមហាម៉ាស់ បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សកម្មភាព​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​វិហារអាល់-អាកសា ក្នុង​ក្រុង​ហ្សេរុយសាឡឹម៕

ប្រភព៖ AKP