បរទេស៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅតាមប៉ុស្តិ៍ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ាថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីមានការការកើនឡើងនៃជម្លោះជាមួយអ៊ីស្រាអែលដែលបានចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលាមកនោះ មានលើសពី ១៥.០០០នាក់ហើយ។
ក្រសួងនោះបាននិយាយថា «ចំនួនអ្នកស្លាប់នៃការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីវាបានចាប់ផ្តើមមក បានឈានដល់ចំនួន ១៥.២០៧នាក់ ហើយចំនួនអ្នករងរបួសបានកើនឡើងដល់ ៤០.៦៥២នាក់»។
ក្រសួងសុខាភិបាលបាននិយាយថា «៧០ភាគរយនៃជនរងគ្រោះពីការឈ្លានពានរបស់អ៊ីស្រាអែល គឺជាកុមារ និងស្ត្រី»។ យោងតាមក្រសួងនោះបានឱ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន ២៨០នាក់ត្រូវបានសម្លាប់នៅកន្លែងផ្សេងៗគ្នានៃតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលមានជម្លោះនោះ។
កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ កងកម្លាំងការពារអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានរំលោភទៅលើបទឈប់បាញ់ ហើយបានប្រកាសពីការបន្តការវាយប្រហារទៅតំបន់នោះ៕
ប្រភព៖ AKP