​ ឡាវមើលឃើញនូវការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច ប៉ុន្តែបញ្ហាប្រឈមនៅតែមាន

0

បរទេស៖ សេដ្ឋកិច្ចឡាវកំពុងមើលឃើញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់ ៣,៧% នៅក្នុងឆ្នាំនេះ ដោយកើនឡើងពីចំនួន ២,៧% ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក (WB) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា។

របាយការណ៍ដែលមានចំណងជើងថា គោលនយោបាយសារពើពន្ធសម្រាប់ស្ថិរភាព បាននិយាយថា សេដ្ឋកិច្ចឡាវនឹងកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ២០២៤ ប៉ុន្តែបញ្ហាប្រឈមនឹងនៅតែមាន ដោយសារតែអតិផរណាកើនឡើងខ្ពស់ បំណុលខាងក្រៅខ្ពស់ និងកង្វះកម្លាំងពលកម្ម។

ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច គឺភាគច្រើនដោយសារតែការដំណើរការកាន់តែខ្លាំងនៅក្នុងវិស័យទេសចរណ៍ ការដឹកជញ្ជូន និងសេវាកម្មដឹកជញ្ជូន និងការវិនិយោគបរទេសកាន់តែច្រើន ប៉ុន្តែអត្រាកំណើន គឺទាបជាងការរំពឹងទុកពីមុន។ នេះបើយោងតាមធនាគារ WB ។

របាយការណ៍នោះបានបង្ហាញថា អតិផរណាបានបង្កើនការប្រើប្រាស់ និងចំណាយអាជីវកម្ម ដោយកាត់បន្ថយការចំណាយគ្រួសារទៅលើអាហារ ការអប់រំ និងសុខភាព។ អតិផរណាក៏បានកាត់បន្ថយការសន្សំផងដែរ ដែលធ្វើឱ្យគ្រួសារជាច្រើនប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដើម្បីកែលម្អហិរញ្ញវត្ថុរបស់ខ្លួនដោយការគ្រប់គ្រងការចំណាយ និងការបង្កើនប្រាក់ចំណូលក្នុងស្រុកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។

កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងបង្កើនល្បឿនដល់កម្រិតជាមធ្យម ៤,២% ក្នុងរយៈពេលមធ្យម ដោយសារតែសេវាកម្ម និងការនាំចេញ និងជួយដោយកំណើនតម្រូវការអន្តរជាតិ គួបផ្សំនឹងការកែលម្អការនៃការតភ្ជាប់ និងសេវាកម្មដឹកជញ្ជូនរបស់ប្រទេសឡាវ។

ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណគីបរបស់ប្រទេសឡាវ ទំនងជានៅតែស្ថិតក្រោមសម្ពាធ ដោយសារតែការនាំចូលខ្ពស់ និងតម្រូវការខ្ពស់សម្រាប់រូបិយប័ណ្ណបរទេសដើម្បីសងបំណុល៕

ប្រភព៖ AKP