បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលលោកវិលត្រឡប់មកពីទីក្រុងឌូបៃ ដែលនៅទីនោះ លោកបានចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ថា ប្រទេសតួកគីនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីស្រាអែលចំពោះអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ បានដកស្រង់សម្តីរបស់លោកប្រធានាធិបតីដែលបាននិយាយថា «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិដាក់ទោស [អ៊ីស្រាអែល] ចំពោះអំពើប្រល័យពូជសាសន៍នេះ។ នេះជាសញ្ញាខ្មៅដែលមិនត្រឹមតែទៅលើរដ្ឋាភិបាលរបស់ [នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន] ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើបណ្តាប្រទេសដែលគាំទ្រទៅលើអំពើប្រល័យពូជសាសន៍នដោយគ្មានលក្ខខណ្ឌទៀតផង។
លោក អឺដូហ្គែន បានចង្អុលបង្ហាញថា មេធាវីប្រហែល ៣.០០០នាក់រួមទាំងជនជាតិតួកគីផងនោះ បានដាក់ញត្តិទៅតុលាការ ICC ទាក់ទងនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សារួចហើយ។
មេដឹកនាំតួកគីរូបនោះបាននិយាយថា «មេធាវីប្រហែលបីពាន់នាក់បានដាក់ពាក្យស្នើសុំចាំបាច់ទៅកាន់តុលាការ ICC នៅទីក្រុងឡាអេរួចហើយ។ យើងរំពឹងថា អ្នកកាប់សម្លាប់នៅតំបន់ហ្គាហ្សា អ្នកនិពន្ធនៃអំពើប្រល័យពូជសាសន៍ ជាពិសេស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នឹងត្រូវទទួលទណ្ឌកម្មជាចាំបាច់»។
លោកក៏បាននិយាយផងដែរថា ប្រទេសតួកគីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ។ យើងនឹងមិនបំភ្លេចអំពើប្រល័យពូជសាសន៍នេះទេ ហើយយើងនឹងមិនទុកឱ្យអ្នកផ្សេងបំភ្លេចវាដែរ៕
ប្រភព៖ AKP