ក្រុមហាម៉ាស់ច្រានចោលការដោះដូរចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល ដរាបណាការឈ្លានពានប្រឆាំងនឹងតំបន់ហ្គាហ្សានៅតែបន្ត

0

បរទេស៖ ក្រុមចលនាហាម៉ាស់របស់ប៉ាឡេស្ទីន បានច្រានចោលនូវលទ្ធភាពនៃការផ្លាស់ប្តូរចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមចលនារ៉ាឌីកាល់នេះនៅតំបន់ហ្គាហ្សាសម្រាប់ជនជាតិប៉ាឡេស្ទីនដែលជាប់គុកនៅអ៊ីស្រាអែល ដរាបណារដ្ឋជ្វីហ្វនៅតែបន្តការឈ្លានពានរបស់ខ្លួន។

អនុប្រធានក្រុមហាម៉ាស់ លោក សាឡេហ៍ អាល់-អារូរី ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងកាណ៍មួយ ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញតេឡេក្រាមផ្លូវការរបស់ក្រុមហាម៉ាស់ថា «នាពេលបច្ចុប្បន្ននេះ គ្មានកិច្ចចរចាណាមួយកំពុងត្រូវបានធ្វើឡើង [ជាមួយភាគីអ៊ីស្រាអែល] ទេ ហើយគោលជំហរចុងក្រោយរបស់ក្រុមហាម៉ាស គឺថានឹងមិនមានការផ្លាស់ប្តូរណាមួយឡើយ រហូតដល់ការបញ្ចប់ការឈ្លានពានពេញលេញ និងជាលើកចុងក្រោយ»។ សេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់ចលនា។

លោក អាល់-អារូរី បាននិយាយថា ចាប់តាំងពីដើមដំបូងនៃជម្លោះនាពេលបច្ចុប្បន្ន ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងជនបរទេស ក៏ដូចជាស្ត្រី និងកុមារ ដោយគ្មានសំណងណាមួយឡើយ។

លោក​បាននិយាយ​ថា «​បុគ្គល​ដែល​នៅ​សល់​ដែល​យើងកំពុងឃុំខ្លួននៅពេលនេះ គឺ​ជាកង​ទាហាន ឬ​អតីត​យោធា ហើយ​នឹង​មិន​មាន​កិច្ច​ចរចាណាមួយ​អំពី​ការដោះលែងពួកគេ​ទេ ​រហូត​ដល់​ការ​ឈ្លានពាន​ត្រូវ​បាន​បញ្ឈប់»។

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បាននិយាយបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេធមិនព្រមបញ្ចប់កិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរអតីតទាហាន [អ៊ីស្រាអែល] [ដែលចាប់ខ្លួនបានដោយក្រុមហាម៉ាស់] តាមលក្ខខណ្ឌផ្សេងៗនោះទេ ហើយបានបន្តការវាយប្រហាររបស់ពួកគេឡើងវិញ។

លោកបាននិយាយបន្ថែមថា «ចំណាប់ខ្មាំងមិនអាចត្រូវបានត្រឡប់មកវិញដោយអំពើហឹង្សាទេ ហើយមធ្យោបាយតែមួយគត់សម្រាប់អ៊ីស្រាអែល គឺស្វែងរកការដោះលែងតាមលក្ខខណ្ឌនៃការតស៊ូរបស់ [ប៉ាឡេស្ទីន]»៕

ប្រភព៖ AKP