បរទេស៖ យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក ស្រី ស្រ៊ី មូលីយ៉ានី ឥន្រ្តាវ៉ាទី បាននិយាយថា ការចំណាយថវិការដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងថវិការដ្ឋឆ្នាំ២០២៤ នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ការបង្កើនល្បឿនសេដ្ឋកិច្ចបៃតង។
លោកស្រី ឥន្រ្តាវ៉ាទី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកាថា ការចំណាយរបស់រដ្ឋក្នុងឆ្នាំ២០២៤ ក៏មានគោលបំណងក្នុងការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព ដើម្បីពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង និងគាំទ្រដល់កំណែទម្រង់ប្រព័ន្ធការិយាធិបតេយ្យ និងប្រព័ន្ធរដ្ឋផងដែរ ដោយលោកស្រីបាននិយាយបន្ថែមថា ការចំណាយរបស់រដ្ឋនៅក្នុងថវិការដ្ឋឆ្នាំ២០២៤ កើនឡើង ៨,៦% បើធៀបនឹងឆ្នាំ២០២៣។
លោកស្រីបាននិយាយថា ថវិការដ្ឋឆ្នាំ២០២៤ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញនូវកម្មវិធីអាទិភាពអភិវឌ្ឍន៍ជាតិទាំងអស់ ដោយចាប់ផ្តើមពីកិច្ចការពារប្រជាពលរដ្ឋ រួមទាំងក្រុមងាយរងគ្រោះ ការស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញការផ្លាស់ប្តូរ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយក្នុងតំបន់ ព្រមទាំងការកែលម្អវិស័យការពារជាតិ និងសន្តិសុខផងដែរ។
យោងតាមលោកស្រី ឥន្រ្តាវ៉ាទី បានឱ្យដឹងថា ថវិការដ្ឋឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងជាមួយនឹងការសន្មត់ប្រកបដោយសុទិដ្ឋិនយមនៃសូចនាករម៉ាក្រូ ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នចំពោះសក្ដានុពលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ការសន្មត់ម៉ាក្រូជាមូលដ្ឋាននៅក្នុងថវិការដ្ឋឆ្នាំ២០២៤ រួមមានកំណើនសេដ្ឋកិច្ច ៥,២% អតិផរណា ២,៨% អត្រាប្តូរប្រាក់នៅក្នុងរង្វង់ ១.៥០០រូពៀក្នុងមួយដុល្លារអាម៉េរិក និងអត្រាការប្រាក់លើមូលបត្ររដ្ឋាភិបាលរយៈពេល ១០ឆ្នាំ (SBN) ចំនួន ៦,៧%។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយថា ការសន្មត់ពីសូចនាករសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤ នឹងនៅតែមានឥទ្ធិពលដោយការអភិវឌ្ឍនៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោកស្រីបាននិយាយបន្ថែមថា វាចាំបាច់ណាស់សម្រាប់រដ្ឋាភិបាលក្នុងការធ្វើឱ្យស្របគ្នាទៅលើថវិការដ្ឋ និងថវិកាក្នុងតំបន់ ក៏ដូចជាការប្រមើលមើលអំពីភាពមិនច្បាស់លាស់ ដោយនឹងអាចធ្វើការកែតម្រូវដោយស្វ័យប្រវត្តិក្នុងករណីចាំបាច់។
នៅពេលមុននេះ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាងហ្គា ហាតាតូ បានវាយតម្លៃថា ថវិការដ្ឋក៏បានផ្តល់អាទិភាពដល់គម្រោងនានាដើម្បីយកឈ្នះទៅលើការប្រែប្រួលអាកាសធាតុ និងលើកទឹកចិត្តដល់សកម្មភាពដែលមិនប៉ះពាល់ដល់អាកាសធាតុផងដែរ។ ប្រទេសឥណ្ឌូណេស៊ីកំពុងអនុវត្តកម្មវិធីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៦០៕
ប្រភព៖ AKP