សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទុនដល់បងប្អូនមានពិការភាពនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែកផងដែរ៕

ប្រភព៖ AKP