ឥណ្ឌូណេស៊ីមើលឃើញនូវសក្តានុពលនៃការអភិវឌ្ឍក្នុងវិស័យទេសចរណ៍កីឡា

0

បរទេស៖ ទេសចរណ៍កីឡា ដែលបានក្លាយជានិន្នាការធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់ថាជាកត្តាជួយដល់ឧស្សាហកម្មគ្មានផ្សែងរបស់ប្រទេសឥណ្ឌូណេស៊ីឱ្យងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។

ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍កីឡា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ឥណ្ឌូណេស៊ី បានគាំទ្រការអនុវត្តការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីផ្សព្វផ្សាយនានា ស្របពេលដែលមានការធានាសម្រាប់ការផ្គត់ផ្គង់ផលិតផលទេសចរណ៍នៅគោលដៅក៏ពេញនិយមទាំងឡាយ។ ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងពិធីសារ ស្តីពីសុខភាព និងសុវត្ថិភាពដែលពាក់ព័ន្ធនឹងកិច្ចការនេះផងដែរ។

នៅក្នុងឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំជាច្រើនដែលមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ដូចជាការប្រណាំងកង់ ការរត់ម៉ារ៉ាតុង និងការប្រកួតកីឡាវាយកូនគោលថ្នាក់ជាតិ និងអន្តរជាតិ។

ក្រុមអ្នកជំនាញបានជឿជាក់ថា ទេសចរណ៍កីឡាមានធាតុដែលទាក់ទាញអ្នកទេសចរ ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ដែលមិនអាចបំភ្លេចបាន និងលើកមុខមាត់ និងតួនាទីរបស់ប្រទេស។

អ្នកជំនាញទេសចរណ៍កីឡារបស់ប្រទេសឥណ្ឌូណេស៊ី លោក បាយូ អារីវ៉ាងសា បានគូសបញ្ជាក់ពីសក្តានុពល និងរីកចម្រើនដ៏ខ្លាំងនៃប្រភេទទេសចរណ៍ថ្មីនេះ ដែលធ្វើឱ្យវាក្លាយជាកម្លាំងជំរុញមួយដែលអាចធ្វើទៅបានក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ឥណ្ឌូណេស៊ីរស់ឡើងវិញ៕

ប្រភព៖ AKP