បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាំ វេចាយ៉ាចៃ បាននិយាយថា ប្រទេសថៃកំពុងពន្លឿនការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រទេស និងគុណភាពជីវិតសម្រាប់សហគមន៍ទីក្រុងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព។
នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯពិធីពិព័រណ៍ទីក្រុងឆ្លាតវៃថៃឆ្នាំ២០២៣ លោក ភុមថាំ បាននិយាយថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃរបៀបវារៈជាតិ ដោយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោយផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងដែលមានភាពធន់ និងមានភាពអាចប្រែប្រួលក្នុងការផ្លាស់ប្តូរបាន។
យោងតាមអ្នករៀបចំកម្មវិធីពិព័រណ៍នោះបានឱ្យដឹងថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) បាននិយាយថា កម្មវិធីពិព័រណ៍នេះផ្តល់ឱកាសសម្រាប់អ្នកគ្រប់គ្រងទីក្រុង និងអ្នកគ្រប់គ្រងគម្រោងពីវិស័យសាធារណៈ និងឯកជន ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យានវានុត្តន៍ ក៏ដូចជាសម្រាប់អាជីវកម្មបច្ចេកវិទ្យា និងអ្នកចែកចាយដើម្បីជួបជាមួយអតិថិជន។
យោងតាមទីភ្នាក់ងារ DEPA បានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំនេះ ប្រទេសថៃបានអនុម័តទីក្រុងចំនួន៣៦ ក្នុងខេត្តចំនួន២៥ ជាទីក្រុងឆ្លាតវៃ ដោយមានផែនការកំណត់គោលដៅទីក្រុងបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍទីក្រុងជាបន្តបន្ទាប់តាមរយៈគោលនយោបាយសមស្របតាមកំណើនក្នុងតំបន់។
នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមថៃ បានប្រកាសកាលពីពេលថ្មីៗនេះពីការលើកទឹកចិត្តរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ «ទីក្រុងឆ្លាតវៃ» នៅក្នុងខេត្តនានាទូទាំងប្រទេសថៃ ដោយស្នើឱ្យមានការកាត់បន្ថយពន្ធសាជីវកម្មចំនួន ៥០% សម្រាប់រយៈពេល ៣ឆ្នាំ៕
ប្រភព៖ AKP