ឡាវ​កំណត់​គោលដៅ​ទទួលភ្ញៀវទេសចរឱ្យបាន​យ៉ាងតិច ​៤,៦​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤

0

បរទេស៖ ប្រទេសឡាវមានបំណងទាក់ទាញភ្ញៀវទេសចរឱ្យបានយ៉ាងតិច ៤,៦លាននាក់ និងរកប្រាក់ចំណូលឱ្យបានប្រមាណ ៧០០លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលកម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ ដែលបានចាប់ផ្តើមនៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញនេះ។

ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នោះ នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាន់ដូន បាននិយាយថា កម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ ធ្វើឡើងស្របពេលដែលប្រទេសឡាវទទួលតំណែងជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយលោកបានសង្កត់ធ្ងន់ថា នេះជាឱកាសសម្រាប់ប្រទេសឡាវបង្ហាញនូវវប្បធម៌ និងប្រពៃណីពិសេសរបស់ខ្លួនដល់ភ្ញៀវទេសចរអន្តរជាតិ។

លោកបាននិយាយថា យុទ្ធនាការទេសចរណ៍នេះត្រូវបានគេរំពឹងថានឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់អ្នកទេសចរ ដូច្នេះហើយវាជាការលើកទឹកចិត្តដល់ពួកគេឱ្យមកលេងប្រទេសឡាវម្តងទៀតនាពេលអនាគត។

យោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានឱ្យដឹងថា កម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ ក្រោមប្រធានបទ «ឋានសួគ៌នៃវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រឡាវ» នឹងមានសកម្មភាពចំនួន៧៩ នៅទូទាំងប្រទេស។

រដ្ឋាភិបាលឡាវបានចាត់ទុកវិស័យទេសចរណ៍ថាមិនត្រឹមតែជាវិស័យសេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន និងជា «កាតាលីករ» សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបណ្តាញដ៏សំខាន់ក្នុងការទាក់ទាញរូបិយប័ណ្ណបរទេសសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិផងដែរ។

ស្ថិតិរបស់ក្រសួងនោះបានបង្ហាញថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានទទួលភ្ញៀវទេសចរបរទេសជាង ២,៤លាននាក់ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣ ដោយមានការកើនឡើង ២៨៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ AKP