បរទេស៖ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្រ្វ៊ុល អាប់ឌុល អាហ្ស៊ីហ្ស បាននិយាយថា ទីផ្សារយានយន្តអគ្គីសនីអាស៊ាន (EV) ត្រូវបានគេព្យាករណ៍ថានឹងឈានដល់តម្លៃ ២,៧ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៧ ដែលច្រើនជាង ៥ដងនៃតម្លៃ ៥០០លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០២១។
នៅក្នុងសុន្ទរកថារបស់លោកនៅឯព្រឹត្តិការណ៍ E-Mobility Asia ឆ្នាំ២០២៣ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ហ្សាហ្រ្វ៊ុល បាននិយាយថា ប្រទេសម៉ាឡេស៊ីមានគុណសម្បត្តិប្រកួតប្រជែងជាច្រើនដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់បន្ថែម ដោយសារការអភិវឌ្ឍប្រព័ន្ធអេកូដ៏ទូលំទូលាយសម្រាប់ឧស្សាហកម្ម EV និងយានយន្តជំនាន់ថ្មី។
ប្រទេសម៉ាឡេស៊ីកំណត់គោលដៅក្នុងការមានយានយន្ត EV និងយានយន្តកូនកាត់ចំនួន ២០% នៃការលក់យានយន្តថ្មីនៅត្រឹមឆ្នាំ២០៣០ ការលក់យានយន្តឱ្យបាន ៥០% នៅត្រឹមឆ្នាំ២០៤០ និង ៨០% នៅត្រឹមឆ្នាំ២០៥០។
ប្រទេសម៉ាឡេស៊ីបានអភិវឌ្ឍន៍វិស័យអគ្គិសនី និងអេឡិចត្រូនិច (E&E) ដ៏រឹងមាំក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ដែលបានពង្រឹងគោលជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ដោយសំដៅទៅលើយានយន្ត EV ម៉ាកជាតិ លោកបានរំពឹងថា យានយន្តដំបូងនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥ ហើយលោកជឿជាក់ថា ប្រទេសម៉ាឡេស៊ីនឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតស្ថានីយ៍សាកអាគុយសម្រាប់យានយន្ត EV ចំនួន ១០.០០០កន្លែងនៅទូទាំងប្រទេសក្នុងពេលតែមួយ។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរក្នុងការសហការជាមួយប្រទេសជាសមាជិក ដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូណេស៊ី ដើម្បីបំពេញបន្ថែមនៃភាពរឹងមាំរបស់គ្នាទៅវិញទៅមក និងទាញយកទុនលើសង្វាក់ផ្គត់ផ្គង់ដែលបានផ្លាស់ប្តូរដោយផ្ទាល់ទៅកាន់តំបន់អាស៊ាន៕
ប្រភព៖ AKP