បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានទៅដល់ទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរៀបចំសម្រាប់ជុំចុងក្រោយនៃការដេញថ្លៃរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រហូតដល់អ្នកឈ្នះត្រូវបានប្រកាស។
លោក យូន ដែលបានទៅដល់ទីនោះបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅប្រទេសអង់គ្លេស ដោយលោកគ្រោងនឹងជួបជាមួយគណៈប្រតិភូមកពីរដ្ឋជាសមាជិកនៃស្ថាប័ន Bureau International des Expositions (BIE) ដែលជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យកម្មវិធីពិព័រណ៌ពិភពលោក ក្នុងអំឡុងពេលស្នាក់នៅរយៈពេល ៣ថ្ងៃ។
កិច្ចប្រជុំទាំងនោះនឹងប្រព្រឹត្តក្នុងអំឡុងពេលនៃពិធីពិសារអាហារពេលល្ងាច អាហារថ្ងៃត្រង់ និងពិធីទទួលភ្ញៀវពេលល្ងាច ខណៈដែលលោក យូន នឹងធ្វើការអំពាវនាវនៅនាទីចុងក្រោយសម្រាប់ការគាំទ្រមុនការបោះឆ្នោតនៅថ្ងៃអង្គារសប្តាហ៍បន្ទាប់។
ទីក្រុងកំពង់ផែប៊ូសាន នៅភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រកួតប្រជែងជាមួយនឹងទីក្រុងរីយ៉ាដហ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
អ្នកឈ្នះនឹងត្រូវបានសម្រេចដោយការបោះឆ្នោតក្នុងចំណោមរដ្ឋជាសមាជិកស្ថាប័ន BIE ចំនួន ១៨២រូប ក្នុងអំឡុងពេលមហាសន្និបាតនៅទីក្រុងប៉ារីស។ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោក យូន ទៅទីក្រុងប៉ារីសចាប់តាំងពីលោកឡើងកាន់តំណែងមក។
កាលពីខែមិថុនា លោកប្រធានាធិបតីបានធ្វើដំណើរទៅកាន់រដ្ឋធានីបារាំង ដើម្បីចូលរួមមហាសន្និបាត BIE និងធ្វើបទបង្ហាញអំពីរបៀបដែលប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើឱ្យពិព័រណ៍ពិភពលោកមួយនេះក្លាយជាវេទិកាសម្រាប់ដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ ដូចជាសង្គ្រាម និងជម្លោះ ការបែងចែកឌីជីថល និងការប្រែប្រួលអាកាសធាតុ៕
ប្រភព៖ AKP