​​លោក ស៊ី ជីនពីង ជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សាដោយសង្កត់ធ្ងន់ទៅលើដំណោះស្រាយនៃរដ្ឋទាំងពីរ

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបានចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញនៃក្រុមប្រទេសប្រីកស៍ (BRICS) ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល តាមរយៈសន្និសីទវីដេអូ ដោយលោកបាន​លើក​ឡើង​ថា ភាគី​ជម្លោះ​ត្រូវ​បញ្ចប់អរិភាព និង​សម្រេច​ឱ្យបាននូវ​បទ​ឈប់​បាញ់គ្នា​ជា​បន្ទាន់។

លោក ស៊ី បានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់អំពើហិង្សា និងការវាយប្រហារទៅលើជនស៊ីវិល ដោះលែងជនស៊ីវិលដែលត្រូវបានចាប់ខ្លួន និងធ្វើសកម្មភាពដើម្បីការពារការបាត់បង់អាយុជីវិតប្រជាជនកាន់តែច្រើនទៀត និងរំដោះប្រជាជនពីទុក្ខវេទនា។

លោក ស៊ី បាននិយាយថា ច្រករបៀងមនុស្សធម៌ត្រូវតែរក្សាសុវត្ថិភាព និងគ្មានការរារាំង ហើយជំនួយមនុស្សធម៌បន្ថែមទៀតគួរតែត្រូវបានផ្តល់ដល់ប្រជាជននៅតំបន់ហ្គាហ្សា។

ដោយសាទរចំពោះយន្តការកិច្ចសហប្រតិបត្តិការប្រ៊ីកស៍ ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងការពារផលប្រយោជន៍រួម លោក ស៊ី បាននិយាយថា កិច្ចប្រជុំនោះដើម្បីសម្របសម្រួលទីតាំង និងសកម្មភាពស្តីពីជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការប្រ៊ីកស៍ឱ្យកាន់តែខ្លាំងឡើងបន្ទាប់ពីការពង្រីករបស់ខ្លួន។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា បានធ្វើជាប្រធានកិច្ចប្រជុំកំពូលនោះ ដែលប្រមូលផ្តុំមេដឹកនាំមកពីប្រទេសចិន ប្រេស៊ីល រុស្ស៊ី អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អ៊ីរ៉ង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសឥណ្ឌា និងប្រទេសអាហ្សង់ទីន។

លោក វ៉ាង ឡេយ នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាកិច្ចសហប្រតិបត្តិការប្រ៊ីកស៍ នៅសាកលវិទ្យាល័យ Beijing Normal University បាននិយាយថា កិច្ចប្រជុំកំពូលនោះឆ្លុះបញ្ចាំងពីអារម្មណ៍នៃការទទួលខុសត្រូវរបស់ក្រុមប្រទេសប្រ៊ីកស៍ និងការអំពាវនាវរបស់ពួកគេសម្រាប់សន្តិភាព និងស្ថិរភាពអន្តរជាតិ និងការឯកភាពរបស់ពួកគេទៅលើបញ្ហាសំខាន់ៗជាច្រើន៕

ប្រភព៖ AKP