គ្រោះទឹក​ជំនន់កំពុងកើតមាន​នៅ​ហ្វីលីពីន និងម៉ាឡេស៊ី

0

បរទេស៖ អាជ្ញាធរហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃទី២២ ខែវិច្ឆិកាថា យ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ និងរាប់សិបនាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសចេញ ដោយសារតែភ្លៀងធ្លាក់បង្កជាទឹកជំនន់នៅទូទាំងតំបន់ភាគកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋធានីរបស់ខេត្តកាតាម៉ាន់ មានភ្លៀងធ្លាក់ជាងមួយខែក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា។ យោងតាមអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបេននីសុន អេស្តារេចា បានឱ្យដឹងថា ភ្លៀងធ្លាក់ប្រចាំខែក្នុងមូលដ្ឋាន គឺប្រហែល ៤៥០មីល្លីម៉ែត្រ ប៉ុន្តែនៅថ្ងៃទី២១ ខែវិច្ឆិកា តែមួយថ្ងៃនោះ មានកម្រិតភ្លៀងធ្លាក់ដល់ទី ៦១៩មីល្លីម៉ែត្រ។

ប្រទេសហ្វីលីពីន​ស៊ូទ្រាំ​នឹង​ព្យុះ​ធំៗ​ចំនួនប្រមាណ ​២០ព្យុះ​ជា​រៀងរាល់ឆ្នាំ រួមទាំង​ព្យុះ​ទីហ្វុង​ដែល​បង្ក​ការបំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំងផងដែរ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ផងដែរនោះ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋឆ្នេរសមុទ្រតេរេងហ្គានូ នៅភាគខាងកើតប្រទេសម៉ាឡេស៊ី ដោយបានបង្ខំឱ្យមនុស្សជាង ៣.៩០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីធានាសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំងក៏កំពុងបង្កការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋកេឡាន់តាន់ដែលនៅក្បែរនោះផងដែរ ដែលនាំឱ្យមនុស្សចំនួន ៣៧០នាក់ត្រូវបានជម្លៀសចេញ។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋភាគខាងជើងរបស់ប្រទេស និងតំបន់ឆ្នេរភាគខាងកើត។ ប្រទេសម៉ាឡេស៊ីជាធម្មតា ជួបប្រទះរដូវវស្សាចាប់ពីខែតុលាដល់ខែមីនានៃឆ្នាំបន្ទាប់ ដែលកំណត់លក្ខណៈដោយខ្យល់បក់ខ្លាំង៕

ប្រភព៖ AKP