ប៉ាគីស្ថានដាក់ពាក្យសុំចូលជាសមាជិកនៃក្រុមប្រទេសប្រ៊ីកស៍ នៅក្នុងឆ្នាំ២០២៤

0

បរទេស៖ ឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មីរបស់ប្រទេសប៉ាគីស្ថានប្រចាំនៅរុស្ស៊ី លោក មូហាំម៉ាដ ខាលីប ចាម៉ាលី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសប៉ាគីស្ថានបានដាក់ពាក្យស្នើសុំចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ (BRICS) នៅក្នុងឆ្នាំ២០២៤ ហើយកំពុងពឹងផ្អែកទៅលើការគាំទ្ររបស់រុស្ស៊ីក្នុងអំឡុងពេលដំណើរការសមាជិកភាពនេះ។

នៅពេលសួរថា តើប្រទេសនេះបានដាក់សំណើសុំចូលជាសមាជិកភាពនៃក្រុមប្រទេសប្រ៊ីកស៍ដែរឬទេនោះ អ្នកការទូតរូបនោះបានឆ្លើយតបថា ប្រទេសប៉ាគីស្ថានបានដាក់ពាក្យរួចហើយ។ លោក​បាន​បញ្ជាក់​ថា ទីក្រុង​អ៊ីស្លាម៉ាបាដ​មាន​គម្រោង​ចូលរួម​ជាមួយ​ក្រុមប្រទេស​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​រុស្ស៊ី​នៅក្នុង​ឆ្នាំ២០២៤។

លោកឯកអគ្គរដ្ឋទូតបាននិយាយបន្ថែមថា «ប្រទេសប៉ាគីស្ថានចង់ក្លាយជាផ្នែកមួយនៃស្ថាប័នដ៏សំខាន់មួយនេះ ហើយយើងកំពុងស្ថិតក្នុងដំណើរការទាក់ទងប្រទេសជាសមាជិក ដើម្បីពង្រីកការគាំទ្រដល់សមាជិកភាពរបស់ប៉ាគីស្ថានជាទូទៅ និងជាពិសេសគឺសហព័ន្ធរុស្ស៊ី»។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ រីយ៉ាបកូវ បាននិយាយកាលពីដើមខែតុលាថា ក្រុមប្រទេសប្រ៊ីកស៍ គ្រោងនឹងព្រមព្រៀងទៅលើបញ្ជីបេក្ខភាពសម្រាប់ឋានៈជារដ្ឋដៃគូនៅមុនពេលនៃកិច្ចប្រជុំកំពូលនាពេលខាងមុខនេះនៅទីក្រុងកាហ្សាន ក្នុងឆ្នាំ២០២៤។ យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា ក្នុងអំឡុងពេលធ្វើជាប្រធានក្រុមប្រទេសប្រ៊ីកស៍របស់រុស្ស៊ី ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានធ្វើឡើងដើម្បីពង្រីករង្វង់នៃមិត្តរបស់ក្រុមប្រទេសប្រ៊ីកស៍ ដែលរួមមានទាំងបណ្តាប្រទេសនៅអាមេរិកឡាទីនផងដែរ៕

ប្រភព៖ AKP